(សេអ៊ូល)៖ ឆ្លើយតបទៅនឹងការព្រួយបារម្ភពីអន្តរជាតិ ក៏ដូចជាប្រជាជនក្នុងស្រុកកូរ៉េខាងត្បូង កងកម្លាំងរួមសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង (USFK) បានបញ្ជាក់សាជាថ្មីថា ប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD មានសមត្ថភាពចាប់សញ្ញាគ្រាប់មីស៊ីល បានក្នុងរង្វង់ ១,០០០គីឡូម៉ែត្រ ដែលវាមានន័យថា ទោះបីជាកូរ៉េខាងជើងបាញ់មីស៊ីល ចេញពីត្រង់ណានៃប្រទេសក៏ដោយក៏ THAAD អាចមានលទ្ធភាពបាញ់ទម្លាក់ដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។
កូរ៉េខាងត្បូង បានប្រកាសកាលពីខែមុនថា ការដាក់ពង្រាយប្រព័ន្ធ THAAD នៅក្នុងស្រុក សឿងជូ (Seongju) ភាគអាគ្នេយ៍នៃប្រទេស បានបញ្ចប់សព្វគ្រប់ហើយ ដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែង នៃមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ នាថ្ងៃសៅរ៍នេះ USFK បានឲ្យដឹងថា ប្រព័ន្ធរ៉ាដាដ៏មានឥទ្ធិពល X-band របស់ THAAD អាចចាប់សញ្ញានៃការគំរាមកំហែង ពីសំណាក់គ្រាប់មីស៊ីល ដែលបាញ់ចេញមកនៅក្នុងរង្វង់រហូតដល់ ១,០០០គីឡូម៉ែត្របាន។
ជុំវិញអានុភាពរ៉ាដារបស់ THAAD រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្តែងការជំទាស់យ៉ាងខ្លាំង ចំពោះការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលដ៏ទំនើបនេះ ដោយសម្អាងថា ប្រព័ន្ធរ៉ាដារបស់វា អាចប្រើប្រាស់ដើម្បីស៊ើបការណ៍ ពីបណ្តាមូលដ្ឋានយោធា និងបង្កការគំរាមកំហែងដល់សន្តិសុខជាតិចិនបាន។
គួរបញ្ជាក់ថា រយៈចម្ងាយអតិបរមា ដែលត្រូវបានបញ្ជាក់ឲ្យដឹងពី USFK ខាងលើនេះ បើតាមទ្រឹស្តីអាចគ្របដណ្តប់លើប្រទេសកូរ៉េខាងជើង និងតំបន់មួយចំនួននៃប្រទេសចិន ចេញពីទីតាំងដែលប្រព័ន្ធ THAAD ត្រូវបានតំឡើង។ យ៉ាងណាមិញ ក្រុមអ្នកជំនាញយោធា បានអះអាងថា រ៉ាដា X-band នេះមិនអាចចាប់សញ្ញាឃើញ មូលដ្ឋានលើផ្ទៃដីរបស់កងទ័ពចិនបានឡើយ ដោយសារតែសណ្ឋានដីកោងរបស់ភពផែនដី៕