(សេអ៊ូល)៖ កូរ៉េខាងជើងបានអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការត្រួតត្រារាប់សិបទសវត្សរ៍របស់ខ្លួន នៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង គិតចាប់តាំងតែពីសម័យសង្រ្គាមកូរ៉េមក។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង គណៈកម្មាធិការសន្តិភាពជាតិកូរ៉េខាងជើង នាសប្តាហ៍នេះបានរិះគន់ធ្ងន់ៗលើ កិច្ចព្រមព្រៀងកូរ៉េខាងត្បូង-អាមេរិក SOFA ដែលមានអាយុកាលប្រមាណ ៦៤ឆ្នាំ មកហើយថា ជាសន្ធិសញ្ញាសង្រ្គាមឈ្លានពាន និងក្បត់ជាតិ ដែលបានអនុញ្ញាតឲ្យកងទ័ពសហរដ្ឋអាមេរិក ធ្វើការត្រួតត្រាគ្រប់គ្រង មកលើកម្លាំងយោធារបស់កូរ៉េខាងត្បូង និងឲ្យបន្តអាចធ្វើប្រតិបត្តិការយោធារួមគ្នា។
ទីភ្នាក់ងារព័ត៌មាន KCNA បានបន្តថា គណៈកម្មាធិការកូរ៉េខាងជើងបានចាត់ទុក SOFA ថា ជានិមិត្តសញ្ញានៃការកាន់កាប់យោធារបស់អាមេរិក មកលើកូរ៉េខាងត្បូង ហើយសន្ធិសញ្ញាការពារជាតិនេះ បានប្រែក្លាយប្រទេសកូរ៉េខាងត្បូង ទៅជាមូលដ្ឋានជួរមុខសម្រាប់ការធ្វើសង្រ្គាមនុយក្លេអ៊ែរ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងចំណោមរឿងដទៃៗទៀត។
ទន្ទឹមនឹងនេះ KCNA បានបញ្ជាក់ជាចុងក្រោយថា ប្រជាពលរដ្ឋកូរ៉េខាងត្បូងមិនអាចជៀសផុតពីវិនាសកម្មនៃសង្គ្រាមនុយក្លេអ៊ែរបានឡើយ ដរាបណាការត្រួតត្រាយោធារបស់សហរដ្ឋអាមេរិក មកលើប្រទេសរបស់ពួកគេ នៅតែបន្ត ដោយសម្អាងថា សង្រ្គាមបីឆ្នាំនៅឧបទ្វីបកូរ៉េ បានបញ្ចប់ទៅត្រឹមតែជាមួយបទឈប់បាញ់ប៉ុណ្ណោះ កាលពីឆ្នាំ១៩៥៣ មិនមែនជាមួយសន្ធិសញ្ញាសន្តិភាពឡើយ៕
\