(ហាណូយ)៖ មន្ត្រីកំពូលនៃបក្សកុម្មុយនិស្តវៀតណាម ប្រចាំទីក្រុងដ៏ធំបំផុតមួយ ត្រូវបានបក្សកាន់អំណាចតែមួយក្នុងប្រទេសអាស៊ានមួយនេះ សម្រេចបណ្តេញចេញពីតំណែងតែម្តង ដោយសារតែលោកបានប្រព្រឹត្តអំពើពុករលួយ និងបង្កឲ្យមានកំហឹងជាសាធារណៈ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។
នាយកធនាគារ អ្នកជំនួញ និងអតីតមន្ត្រីចាស់ៗជាច្រើននាក់ ត្រូវបានដាក់ពិន័យនៅរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលបក្សកាន់អំណាចរបស់ប្រទេសវៀតណាម កំពុងតែអនុវត្តន៍យុទ្ធនាការទ្រង់ទ្រាយធំរបស់ខ្លួន ក្នុងការបង្ក្រាបអំពើពុករលួយ ព្រមទាំងទង្វើខុសឆ្គងនានា ពីសំណាក់មន្ត្រីបក្សរបស់ខ្លួន ដែលបានបង្កឲ្យមានកំហឹងជាសាធារណៈ។
សម្រាប់មន្ត្រីកំពូល ដែលត្រូវបានបណ្តេញចេញពីតំណែងខាងលើនេះ គឺលោក ង្វៀន សួនអាញ់ (Nguyen Xuan Anh) អាយុ ៤១ឆ្នាំ មានតួនាទីជាប្រធានបក្សកុម្មុយនិស្តប្រចាំខេត្ត ដាណាង (Danang) ត្រូវបានគណកម្មការប្រឹក្សាបក្សរកឃើញថា លោកបានរំលោភច្បាប់របស់បក្ស នឹងបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីមន្ត្រីក្រោមឱវាទ ព្រមទាំងសាធារណជន។
គណកម្មការខាងលើនេះ បានបង្ហោះនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃសុក្រម្សិលមិញនេះថា «លោក ង្វៀន សួនអាញ់ បានប្រព្រឹត្តកំហុសជាច្រើន ដែលរំលោភបំពានលើច្បាប់របស់បក្ស ហើយជាកំហុសធ្ងន់ធ្ងរណាស់»។ លោកត្រូវបានចោទប្រកាន់ថា បានបង្កើតគំរូមិនល្អធំមួយ នោះគឺការទទួលរថយន្តពីក្រុមហ៊ុន និងសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យអាមេរិកមួយ ដែលមិនត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំវៀតណាមនោះឡើយ៕