(វ៉ាស៊ីនតោន)៖ ស្របពេលដែលទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) កាន់តែមានភាពរកាំរកូសទៅៗ ពាក្យចចាមអារ៉ាមក៏បានបន្តលេចឡើង អំពីបុគ្គលដែល លោក ត្រាំ អាចនឹងជ្រើសរើសឲ្យមកជំនួសតំណែង លោក Tillerson ប្រសិនបើមេដឹកនាំ ហើយនិងប្រមុខការទូតទាំងពីររូបនេះ ត្រូវចែកផ្លូវគ្នាដោយជៀសមិនផុតមែននោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។
បើតាមសារព័ត៌មានអាមេរិក Axios ប្រភពពីក្រុមមន្រ្តីនៅក្នុងសេតវិមានអាមេរិក បានបង្ហើបឲ្យដឹងថា លោក ដូណាល់ ត្រាំ កំពុងធ្វើការពិចារណាយ៉ាងយកចិត្តទុកដាក់ ចំពោះការត្រៀមជ្រើសរើសនាយកទីភ្នាក់ងារចារកិច្ច CIA លោក មៃ ពុមពេអូ (Mike Pompeo) ដើម្បីឲ្យជំនួសមុខតំណែងរបស់ លោក Tillerson ខណៈលោក ត្រាំ និងលោក Pempeo បានជួបមុខគ្នាស្ទើរតែរៀងរាល់ថ្ងៃ ដើម្បីពិភាក្សាពីកិច្ចការសម្ងាត់ផ្សេងៗ ហើយលោក ត្រាំ ហាក់ដូចជាពេញចិត្តពេញថ្លើមនឹង លោក Pempeo ខ្លាំង។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ពិតជារង្គាសចិត្តយ៉ាងខ្លាំង អំពីការចេញផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ NBC News ដែលថា លោក Tillerson បានហៅលោកប្រធានាធិបតីអាមេរិករូបនេះ ថាជា «មនុស្សល្ងង់ខ្លៅ និងឡប់សតិ» នៅក្នុងកិច្ចប្រជុំសន្តិសុខជាតិមួយ កាលពីថ្ងៃទី២០ ខែកក្កដា ហើយលោក Tillerson ថែមទាំងធ្លាប់បានគំរាមថា នឹងដើរចាកចេញពីមុខតំណែងរបស់ខ្លួនជាច្រើនលើកទៀតផង កាលពីអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ។
ជុំវិញរឿងនេះ លោក Rex Tillerson ផ្ទាល់ក៏បានរៀបចំសន្និសីទកាសែត ដើម្បីចេញមុខបកស្រាយបញ្ជាក់ថា សេចក្តីរាយកាណ៍ព័ត៌មានខាងលើមិនមែនជាការពិតឡើយ ក៏ប៉ុន្តែលោករដ្ឋមន្រ្តីការបរទេសអាមេរិក ត្រូវគេសង្កេតឃើញថា មិនបាននិយាយបដិសេធថារូបលោកពុំបានហៅលោក ត្រាំ ថាជា «មនុស្សល្ងង់ខ្លៅ និងឡប់សតិ» ឡើយ នៅពេលដែលក្រុមអ្នកសារព័ត៌មាន បានជជីកសួរចំៗ៕