(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានផ្តល់ការអនុញ្ញាតចំពោះគម្រោងនៃ ការលក់ប្រព័ន្ធខែលការពារមីស៊ីល THAAD ក្នុងតម្លៃ ១៥ពាន់លានដុល្លារ ទៅកាន់ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។
បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ ប្រជាជាតិនៅមជ្ឈិមបូព៌ាមួយនេះ បានស្នើទិញយកប្រព័ន្ធបាញ់មីស៊ីលចំនួន ៤៤គ្រឿង, គ្រាប់មីស៊ីល ៣៦០គ្រាប់, ឧបករណ៍គ្រប់គ្រងប្រតិបត្តិការ ១៦គ្រឿង, និងប្រព័ន្ធរ៉ាដាចំនួន ០៧គ្រឿង របស់ THAAD។ គម្រោងនៃការលក់សព្វាវុធដ៏ទំនើបនេះ ស្ថិតក្រោមក្របខណ្ឌនៃកញ្ចប់បរិក្ខា និងសេវាកម្មយោធាសរុបជាតម្លៃប្រមាណ ១១០ពាន់លានដុល្លារ ដែលត្រូវបានប្រកាសជាលើកដំបូង កាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់អារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ គម្រោងនៃការលក់ប្រព័ន្ធ THAAD នេះ នឹងជួយបង្កើនសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីត ក្នុងការការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងដោយមីស៊ីលផ្លោង ដែលកំពុងកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ជាមួយគ្នានេះ សភាអាមេរិកត្រូវបានផ្តល់ដំណឹងជូនរួចហើយ ស្តីពីគម្រោងលក់សព្វាវុធនេះ ហើយមានពេល ៣០ថ្ងៃ ដើម្បីពិចារណាថា នឹងអនុម័តដែរ ឬយ៉ាងណា៕