(ខាទុំ)៖ រដ្ឋាភិបាលនៃប្រទេសស៊ូដង់ បានសម្តែងការស្វាគមន៍យ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តដកទណ្ឌកម្មលើវិស័យពាណិជ្ជកម្ម របស់ប្រទេសអាហ្វ្រិកមួយនេះចេញវិញ ក្រោយពីបានដាក់អស់រយៈពេល ២០ឆ្នាំ មកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។
ក្រសួងការបរទេសស៊ូដង់ បានចេញសេចក្តីថ្លែងការណ៍នាថ្ងៃសប្តាហ៍នេះយ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាល និងប្រជាជនស៊ូដង់ សូមស្វាគមន៍ចំពោះការសម្រេចចិត្តប្រកបដោយភាពវិជ្ជមាន ពៅសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្វើការដកទណ្ឌកម្មសេដ្ឋកិច្ចជាអចិន្ត្រៃយ៍តែម្តង ពីប្រទេសស៊ូដង់»។ បន្ថែមពីនេះ ប្រទេសស៊ូដង់ដែលជាប្រជាជាតិមានសក្កដានុពលខាងវិស័យប្រេងមួយផងដែរ នៅតំបន់អាហ្វ្រិក កំពុងតែទន្ទឹងរង់ចាំកិច្ចសន្ទនានានាជាមួយភាគីអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត រវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា បើទោះបីជាអាមេរិក បានសម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីស៊ូដង់ក្តី ក៏ប៉ុន្តែបញ្ហាធំមួយទៀត ដែលរដ្ឋាភិបាលស៊ូដង់ចង់បានពីរដ្ឋបាល លោក ដូណាល់ ត្រាំ នោះគឺការដកឈ្មោះប្រទេសនេះ ចេញពីបញ្ជីនៃក្រុមរដ្ឋគាំទ្រអំពើភេរវកម្ម។ បន្ថែមពីនេះទៀត ស៊ូដង់ក៏បានសំណូមពរឲ្យសហរដ្ឋអាមេរិក ធ្វើការបង្វែប្រាក់បំណុលដែលខ្លួនជំពាក់ ទៅជាជំនួយអភិវឌ្ឍន៍លើវិស័យសំខាន់ៗនានាក្នុងប្រទេសស៊ូដង់ ដូចដែលអាមេរិកធ្លាប់បានធ្វើ ចំពោះបណ្តាប្រទេសមួយចំនួនផងដែរ។
រដ្ឋបាលអាមេរិកត្រូវបានគេរំពឹងថា នឹងប្រកាសជាផ្លូវការនូវការដកទណ្ឌកម្មចេញពីស៊ូដង់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ក្រោយពីបានដាក់កាលពីឆ្នាំ១៩៩៧៕