(បរទេស)៖ នៅថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ ហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រថយន្តក្រុង និងរថភ្លើងបុកគ្នាពេញមួយទំហឹង នៅប្រទេសរុស្ស៊ី ផ្តាច់ជីវិតមនុស្ស ១៩នាក់ និងបង្កឲ្យរាប់សិបនាក់របួស។
២៖ ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីរបស់ចិន Huawei បង្ហាញវត្តមានប្រភេទកុំព្យូទ័រយួរដៃ (Laptop) ដំបូងបំផុតរបស់ខ្លួន ដែលហៅថា «MateBook» នៅប្រទេសបង់ក្លេដែស។
៣៖ សេវាកម្មដឹកជញ្ជូន «រថយន្តក្រុងលើទឹក ឬ Water Bus» ចាប់ផ្តើមដំណើរការ នៅក្នុងទីក្រុងរ៉ង់ហ្គូន (Yangon) នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍។
៤៖ គណៈកម្មាធិការណូបែលណ័រវេស ប្រកាសពីជ័យលាភីពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០១៧នេះ ដែលបានទៅលើក្រុមយុទ្ធនាការអន្តរជាតិ សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ថា ICAN សម្រាប់កិច្ចប្រឹងប្រឹងដោយឥតរុញរារបស់ពួកគេ។
៥៖ ឧទ្ធម្ភាគចក្រនៃកងទ័ពអាកាសឥណ្ឌា ធ្លាក់នៅតំបន់ព្រំដែន ក្បែរប្រទេសចិន បណ្តាលស្លាប់មនុស្សទាំង ០៧នាក់ ដែលនៅលើនោះ។
៦៖ នៅជប៉ុន បុរសម្នាក់ដុតផ្ទះខ្លួនឯង បណ្តាលឲ្យស្លាប់ប្រពន្ធ និងកូន០៥នាក់ រួចប្រគល់ខ្លួនឲ្យប៉ូលិស។
៧៖ អនុប្រធានាធិបតីអាមេរិក Mike Pence អះអាងថា សហរដ្ឋអាមេរិកនឹងបញ្ជូនអវកាយានិកទៅឋានព្រះច័ន្ទ និងភពអង្គារ ព្រមទាំងកន្លែងផ្សេងៗទៀត៕