(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលនេះជាផ្នែកមួយនៃពាក្យសន្យារបស់លោក កាលពីនៅអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦។ នៅក្នុងករណី លោក ត្រាំ មិនបានការពារកិច្ចព្រមព្រៀងនេះទេ នោះសភាអាមេរិកនឹងសម្រេចចិត្តថា ត្រូវដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ ឬក៏យ៉ាងណា? ហើយលោកមានរយៈពេលរហូតដល់ថ្ងៃទី១៥ ខែតុលា ដើម្បីសម្រេចចិត្តលើរឿងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅអំឡុងពិធីថតរូបជាមួយមន្ត្រីយោធាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នៅឯសេតវិមាន លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «អ្នកដឹងទេថា វាតំណាងឱ្យអ្វី? វាអាចជាការរក្សាភាពស្ងៀមស្ងាត់ មុននឹងព្យុះមកដល់»។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ប្រធានាធិបតីអាមេរិករូបនេះ មិនបានបញ្ជាក់លម្អិតពីអ្វីដែលលោកចង់សំដៅឡើយ ហើយនៅពេលអ្នកសារព័ត៌មានជជីកសួរ លោកឆ្លើយត្រឹមតែ «អ្នកនឹងបានដឹង» ខណៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកយល់ថា លោក ត្រាំ ចង់សំដៅទៅលើទីក្រុងតេហេរ៉ង់ ពោលគឺកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាច៥ បូក១ ដែលរារាំងអ៊ីរ៉ង់ក្នុងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយថា លោកនឹងមិនការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ ដោយ សំអាងថា វាមិនបានបម្រើផលប្រយោជន៍អាមេរិក។ ចំណែកឯទីប្រឹក្សាជាន់ខ្ពស់របស់លោកដូចជា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ត្រូវបានគេរំពឹងថា នឹងគាំទ្រកិច្ចព្រមព្រៀងនេះ៕