(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ (ថយចុះពីដំបូង ៦.៣រ៉ិចទ័រ) ដែលបានវាយលុកនៅក្នុងផ្ទៃសមុទ្រ ចម្ងាយប៉ុន្មានរយគីឡូម៉ែត្រ ពីឆ្នេរភាគខាងកើតប្រទេសជប៉ុននោះ មិនបានបង្កឲ្យមានការគំរាមកំហែង ពីរលកយក្សស៊ូណាមិឡើយ ហើយម៉្យាងវិញទៀតអាជ្ញាធរជប៉ុន ក៏មិនបានរាយការណ៍អំពីការបំផ្លិចបំផ្លាញ ឬករណីមនុស្សស្លាប់-រងរបួសណាមួយ ដោយសារការរញ្ជួយដីនេះដែរ។ នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ បានកើតឡើងនៅចម្ងាយ ៣០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុង អ៊ីវ៉ាគិ (Iwaki) នៃកោះ ហុនហ្ស៊ូ (Honshu) ក្នុងជម្រៅជិត ៧៨គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រ។ ជាមួយគ្នានេះដែរ ក្រុមឃ្លាំមើលសារធាតុនុយក្លេអ៊ែរជប៉ុនបានឲ្យដឹងថា គ្មានភាពមិនប្រក្រតីណាមួយ បានកើតមានឡើង នៅតាមបណ្តាស្ថានីយ៍នុយក្លេអ៊ែរ ដែលស្ថិតក្នុងរយៈចម្ងាយនៃឥទ្ធិពលរំញ័រ របស់គ្រោះរញ្ជួយផែនដីនេះឡើយ៕