(ម៉ូស្គូ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯវិមានក្រឹមឡាំង ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពី ទីក្រុងវ៉ាស៊ីនតោន។ នាឱកាសនោះដែរ មេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយ ដែលនឹងបើកផ្លូវឆ្ពោះទៅរកការចរចា ទិញប្រព័ន្ធខែលការពារមីស៊ីល S-400 ពីទីក្រុងម៉ូស្គូ ខណៈតួកគីក៏កំពុងចរចាទិញប្រព័ន្ធមីស៊ីលនេះដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
ការចុះហត្ថាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងនាឱកាសនៃការបំពេញដំណើរទស្សនកិច្ចផ្លូវការ ជាលើកដំបូងបំផុតរបស់ព្រះមហាក្សត្រ សាល់ម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស សូដ (Salman bin Abdulaziz Al Saud) មកកាន់ទីក្រុង ម៉ូស្គូកាលពីថ្ងៃព្រហស្បតិ៍។ «រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាបឋមមួយ ដើម្បីទិញប្រព័ន្ធខែលការពារមីស៊ីលរុស្ស៊ី S-400, មីស៊ីលប្រឆាំងរថក្រោះ Kornet-EM, ប្រព័ន្ធរ៉ក្កែត TOS-1A និង កាំភ្លើងយន្ដ AGS-30 រួមទាំងកាំភ្លើង Kalachnikov AK-103»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Saudi Arabian Military Industries (SAMI)។
ក្រុមហ៊ុនខាងលើនេះបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះក៏មានបញ្ចូលផងដែរនូវ កម្មវិធីបណ្ដុះបណ្ដាលសម្រាប់យោធាអារ៉ាប៊ីសាអូឌីត។ ដោយឡែក ក្រៅតែពីកិច្ចព្រមព្រៀងទិញអាវុធ មេដឹកនាំទាំងពីរ បានសាកល្បងបង្កើតទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងទ្វេភាគី តាមរយៈការចុះកិច្ចព្រមព្រៀង មានតម្លៃជាង ១ពាន់លានដុល្លារ លើវិស័យថាមពលនៅក្នុងបរិបទទីក្រុងរីយ៉ាដ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា កំពុងកើតទុកមិនសុខចិត្ត រឿងរុស្ស៊ីលូកដៃជួយប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ។
គួរបញ្ជាក់ថា ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានផ្ដើមបំពេញទស្សនកិច្ចមកកាន់ទីក្រុងម៉ូស្គូ កាលពីថ្ងៃទី០៤ ខែតុលា ហើយទស្សនកិច្ចនេះអាចមាន រយៈពេលរហូតដល់ថ្ងៃទី០៧ ខែតុលា៕