(ញូដេលី)៖ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅក្នុងតំបន់ភ្នំដាច់ស្រយាលមួយកន្លែង ក្បែរព្រំដែនប្រទេសចិននាថ្ងៃសុក្រនេះ និងបានផ្តាច់យកជីវិតមនុស្សទាំងអស់សរុប ០៧នាក់ ដែលធ្វើដំណើរនៅលើនោះ ទៅជាមួយគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា លោក ស៊ូនីត ញូតុន (Suneet Newton) បានថ្លែងឲ្យដឹងថា ឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់ខាងលើ មានប្រភេទជា Mi-17 ផលិតនៅប្រទេសរុស្ស៊ី កំពុងតែដឹកជញ្ជូនក្រុមមន្រ្តីយោធាទាំង ០៧នាក់ សំដៅទៅកាន់មូលដ្ឋានមួយកន្លែង នៅក្នុងរដ្ឋអារូណាចាល់ ព្រេឌែស (Arunachal Predesh) ភាគឦសានប្រទេស នៅពេលកើតហេតុ។
បើតាមលោក Newton មូលហេតុនៅពីក្រោយ ហេតុការណ៍ដ៏អកុសលនេះ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ៕