(វ៉ាស៊ីនតោន)៖ បន្ទាប់ពីឪពុកម្តាយនិស្សិត​អាមេរិក អូតតូ វ៉មបាយឺ (Otto Warmbier) ដែលបានទទួល​មរណភាព​ក្នុងប្រទេសកំណើត​របស់ខ្លួន ក្រោយ​ពី​​បាន​ជាប់ឃុំអស់​រយៈពេល ១៧ខែ នៅកូរ៉េខាងជើង​នោះ សមាជិកព្រឹទ្ធសភា​មួយចំនួន​បានរួមគ្នាចុះ​ហត្ថលេខា​លើលិខិតមួយ ស្នើទៅ​កាន់ក្រសួង​ការបរទេស​អាមេរិក ឲ្យចាត់បញ្ចូល​រដ្ឋកុម្មុយនិស្ត​ដ៏ឯកោមួយនេះ ទៅក្នុងបញ្ជី​នៃរដ្ឋគាំទ្រ​អំពើភេរវកម្ម របស់ទីក្រុង​វ៉ាស៊ីន​តោន​ជាថ្មីម្តងទៀត។ នេះបើតាម​ការចេញ​ផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

ព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋ​ចំនួន ០៦នាក់ និងមកពីបក្ស​ប្រជាធិបតេយ្យ​ចំនួន ០៦នាក់ បានសម្រេចចុះ​ហត្ថលេខា​លើ​លិខិតខាងលើនេះ សំដៅស្នើឲ្យក្រសួង​ការបរទេសអាមេរិក ធ្វើការគិតគូរ​ពិចារណា អំពីទង្វើរ​បស់​កូរ៉េខាងជើង ​មាន​ដូចជា ​ការ​ចាប់​​ខ្លួន, ការ​ឃុំឃាំង, និងការប្រព្រឹត្តមកលើពលរដ្ឋអាមេរិក... ក៏ដូចជាការបន្តលក់អាវុធនិងផ្ទេរបច្ចេកវិទ្យាគ្រោះថ្នាក់ផ្សេង​ៗ​ ទៅ​កាន់​បណ្តា​រដ្ឋគាំទ្រភេរវកម្មដទៃទៀត... រួមទាំងសកម្មភាពបង្កអស្ថិរភាព និងហិង្សា នៅក្នុងប្រទេសនេះផ្ទាល់ និងដល់អន្តរជាតិ។

ឆ្លើយតបនឹងសំណើនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ក្រសួងនឹងចាត់វិធានការភ្លាមៗ ប្រសិនបើភស្តុតាងជាក់​ស្តែង គាំទ្រចំពោះការចាត់បញ្ចូលកូរ៉េខាងជើង ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម ក្រោមលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ។

គួរបញ្ជាក់ថា លោក Otto Warmbier ជានិស្សិតអាមេរិកម្នាក់ ដែលបានទៅ​ទេសចរណ៍​នៅកូរ៉េខាងជើង កាលពី​ខែមករា ឆ្នាំ២០១៦។ លោក ត្រូវបានអាជ្ញាធរ​កូរ៉េខាងជើង​ចាប់ខ្លួន ពីបទលួចយកផ្ទាំងឃោសនា​នយោបាយ ពីសណ្ឋាគារ​ដែលលោកស្នាក់នៅ ហើយបាន​​ចំណាយពេល ១៧ខែ នៅក្រោមការឃុំឃាំង​របស់​កូរ៉េខាងជើង មុនត្រូវបានបញ្ជូន​មកកា​ន់សហរដ្ឋអាមេរិកវិញ ក្នុងស្ថានភាពសន្លប់ស្តូក​ស្តឹង កាលពីខែមិថុនា ឆ្នាំ២០១៧។ ០៦ថ្ងៃក្រោយមក លោក Warmbier ក៏បានបាត់​បង់ជីវិត​ក្នុងវ័យ ២២ឆ្នាំ ខណៈក្រុមគ្រូពេទ្យ​មិនបាន​រកឃើញមាន​ស្នាមធ្វើទារុណកម្ម​ណាមួយឡើយ តែបានអះអាងថា និស្សិត​អាមេរិករូបនេះ បានទទួលរងជំងឺ​គាំងបេះដូង និងរបួស​​ខួរ​ក្បាល៕

{IfMobile}

{ElseMobile}

{EndIfMobile}