(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) បានសម្រេចចិត្តដាក់បញ្ចូលក្រុមចំរុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ទៅក្នុងបញ្ជីខ្មៅនៃរបាយការណ៍របស់ខ្លួនស្ដីពីកុមារ និងជម្លោះប្រដាប់អាវុធ ដែលបានបង្កឱ្យកុមារស្លាប់ និងរបួសនៅក្នុងប្រទេសយ៉េមែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ខាងលើ ដាក់ជូនក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ ក៏បានដាក់បញ្ចូលក្រុមឧទ្ទាមហ៊ូទី កងកម្លាំងរដ្ឋាភិបាល ព្រមទាំងក្រុមឧទ្ទាមគាំទ្ររដ្ឋាភិបាល និងក្រុមអាល់កៃនៅក្នុងឧបទ្វីបអារ៉ាប់ ទៅក្នុងបញ្ជីខ្មៅនៃការរំលោភបំពាន លើកុមារនៅយ៉េមែនផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យអគ្គលេខាធិការអង្គការសប្រជាជាតិ លោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) បានបញ្ជាក់ថា កុមារមិនតិចជាង ១,៣៤០នាក់ ឡើយត្រូវបានសម្លាប់ ឬរងរបួស ឬក៏ពិកាកាលពីឆ្នាំ២០១៦។ តែទោះជាយ៉ាងនេះក្ដី លោកក៏បានទទួលស្គាល់ដែរថា កាលពីឆ្នាំ២០១៦ ក្រុមចំរុះអារ៉ាប់ បានចាត់វិធានការជាច្រើន ក្នុងការកាត់បន្ថយផលប៉ះពាល់ទៅលើកុមារ ក្នុងនោះរួមមានទាំងការបង្កើតក្រុមឃ្លាំមើល រាល់ឧប្បដិហេតុកើតឡើងលើជនស៊ីវិល និងកុមារ។
គួរបញ្ជាក់ថា សង្រ្គាមរវាងរដ្ឋាភិបាលយ៉េមែន និងក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់កាងនៅពីក្រោយ បានផ្ទុះឡើងកាលពីឆ្នាំ២០១៥មកម្ល៉េះ ហើយនៅខែមីនា ឆ្នាំដដែល តាមរយៈសំណើពីរដ្ឋាភិបាល យ៉េមែន ទើបក្រុមចំរុះអារ៉ាប់មាន អារ៉ាប៊ីសាអូឌីត បារ៉ែន គុយវ៉ែត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប ហ្ស៊កដានី មូរ៉ូកូ និងស៊ូដង់ (កាតាត្រូវបានដកសមាជិកភាព កាលពីខែមិថុនា) ដឹកនាំប្រតិបត្តិការ យោធាប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី។ ក៏ប៉ុន្តែសង្រ្គាមនេះបានបង្កឱ្យ ប្រជាជនយ៉េមែនស្លូតត្រង់ជាច្រើនពាន់នាក់បានស្លាប់ រីឯកុមារជិតពីរលាននាក់ប្រឈមមុខកង្វះអាហារូបត្ថម្ភ ខណៈមនុស្ស ៧០០,០០០នាក់ បាននិងកំពុងរងគ្រោះដោយសារជំងឺអាសន្នរោគ៕
{IfMobile}
{ElseMobile}
{EndIfMobile}