អគារតូចធំរាប់ពាន់ខ្នងក្នុងរដ្ឋធានីម៉ិចស៊ីកូ បានរងការបំផ្លិចបំផ្លាញ និងកំពុងត្រូវបានស្តារឡើងវិញ ក្រោយរញ្ជួយដី ៧.១រ៉ិចទ័រ វាយប្រហារ!
06-10-2017 10:12
(មិចស៊ីកូ)៖ អគារចន្លោះពី ៨០០ខ្នង ទៅជាង ១,០០០ខ្នង នៅក្នុងទីក្រុងមិចស៊ីកូ ត្រូវបានបំផ្លាញដោយសារគ្រោះរញ្ជួយដីកំរិត ៧.១រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ភាគកណ្ដាលប្រទេស មិចស៊ីកូ កាលពីពាក់កណ្ដាលខែកញ្ញា។ នេះបើតាមអភិបាលក្រុងមិចស៊ីកូ លោក មីហ្គែល អាន់ជែល ម៉ាន់សេរ៉ា (Miguel Angel Mancera) ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
យោងតាមលោក Miguel Angel Mancera អគារសរុប ១,១៩៣ខ្នងផ្សេងទៀត ក៏ត្រូវចាំបាច់ត្រូវការត្រួតពិនិត្យឡើងវិញផងដែរ ដើម្បីឲ្យដឹងថាតើអគារទាំងនេះ ត្រូវដាក់បញ្ចូលក្នុងចំណោមអគារចន្លោះពី ៨០០ ទៅ ១,០០០ខ្នងនេះ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ឬត្រូវជួសជុលដែរ ឬទេ។ ចំណែកឯក្រុមអ្នកជំនាញ ក៏បានអះអាងដែរថា ពួកគេបានធ្វើការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង បានជាង ៩៤ភាគរយ ដោយពួកគេបានបែងចែកកំរិត នៃការបំផ្លិចបំផ្លាញជាបីកំរិតគឺ ពណ៌បៃតងសម្រាប់ការខូចខាតតូចតាច ពណ៌លឿងសម្រាប់ការខូចខាតមធ្យម និងពណ៌ក្រហមសម្រាប់ ការខូចខាតធ្ងន់ធ្ងរ។
គួររំលឹកថា គ្រោះរញ្ជួយដីកំរិត ៧.១រ៉ិចទ័រ កាលពីពាក់កណ្ដាលខែកញ្ញា បានសម្លាប់មនុស្ស ៣៦៩នាក់ ក្នុងនោះមាន ២២៨នាក់ នៅក្នុងទីក្រុងមិចស៊ីកូ៕
{IfMobile}
{ElseMobile}
{EndIfMobile}