(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក មៃ ភែន (Mike Pence) បានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបញ្ជូនក្រុមអវកាសយានិក ធ្វើដំណើរវិលត្រឡប់ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់បេសកកម្មបញ្ជូនមនុស្ស ទៅកាន់ភពអង្គារ (Mars) និងកន្លែងផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
លោក Mike Pence ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាអវកាសជាតិផងដែរនោះ បានថ្លែងថា «យើងនឹងបញ្ជូនក្រុមអ្នកអវកាសអាមេរិក ឲ្យត្រឡប់ទៅកាន់ព្រះច័ន្ទជាថ្មី ដោយមិនត្រឹមដើម្បីបន្សល់ទុកដានជើង ក៏ដូចជាទង់ជាតិរបស់យើងនៅទីនោះឡើយ តែថែមទាំងកសាងមូលដ្ឋានគ្រឹះដ៏សំខាន់មួយទៀតផង ដែលពួកយើងត្រូវការ ដើម្បីបញ្ជូនប្រជាជនអាមេរិក ទៅកាន់ភពអង្គារ រួមទាំងទីតាំងដទៃៗទៀត នៅក្នុងទីអវកាសដ៏ធំល្វឹងល្វើយនេះ»។
ជាចុងក្រោយ លោក Pence បានបញ្ជាក់ថា «ឋានព្រះច័ន្ទ នឹងដើរតួជាកាំជណ្តើរ, ជាកន្លែងហាត់សម, ជាវិថីមួយ ដើម្បីពង្រឹងភាពជាដៃគូអន្តជាតិ និងពាណិជ្ជកម្មរបស់យើង ស្របពេលដែលពួកយើង បង្វែរការផ្តោតសំខាន់ នៃកម្មវិធីអវកាសអាមេរិក សំដៅទៅកាន់បេសកកម្មរុករកដោយមនុស្ស នៅទីលំហអាកាសវិញ។ យើងបានឈ្នះការប្រកួតប្រជែង ទៅកាន់ឋានព្រះច័ន្ទ កាលពីពាក់កណ្តាលសតវត្សរ៍មុន ហើយយើងនឹងទទួលជោគជ័យម្តងទៀត សម្រាប់វិស័យអវកាសនាសតវត្សរ៍ទី២១នេះ»៕
{IfMobile}
{ElseMobile}
{EndIfMobile}