(អង់ការ៉ា)៖ អាជ្ញាធរតួកគីបានចេញដីកាឃុំខ្លួនមន្ត្រី ១៣៣នាក់ ដែលកំពុងបម្រើការងារ នៅក្នុងក្រសួងហិរញ្ញវត្ថុ និងក្រសួងការងារ ក្រោមក្របខណ្ឌនៃការបង្ក្រាបអ្នកមានជាប់ពាក់ព័ន្ធនឹង រដ្ឋប្រហារមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើសារព័ត៌មានរដ្ឋតួកគី Anadolu បានឱ្យដឹងទៀតថា ជនសង្ស័យទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានប្រើប្រាស់ ByLock ដែលជា កម្មវិធីផ្ញើសារមួយដើម្បីប្រមូលគ្នីគ្នា ដឹកនាំការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីខែកក្កដា ឆ្នាំ២០១៦។ បន្ថែមពីលើនេះ ក្នុងចំណោមអ្នកទំាង ១៣៣នាក់ នេះមាន ១០១នាក់ មកពីក្រសួង ហិរញ្ញវត្ថុ និង ៣២នាក់ មកពីក្រសួងការងារ។
គួរបញ្ជាក់ថា មកទល់ពេលនេះ មានមនុស្សច្រើនជាង ៥០,០០០នាក់ ត្រូវបានចាប់ឃុំខ្លួន និងរង់ចាំសវនាកា ខណៈ១៥០,០០០នាក់ ត្រូវបណ្ដេញ ឬក៏ព្យួរតួនាទីពីការងារនៅវិស័យរដ្ឋ និងឯកជន។ ក៏ប៉ុន្តែក្រុមសិទ្ធិមនុស្ស និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន បានថ្កោលទោស និងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចក្រែងថា ទីក្រុងអង់ការ៉ាបានប្រើប្រាស់រដ្ឋប្រហារ ជាលែសបង្រ្កាបអ្នកប្រឆាំងនឹងប្រធានាធិបតី អឺដូហ្គាន់៕