(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន (Rex Tillerson) បានចេញមុខទាត់ចោល ពាក្យចចាអារ៉ាមដែលថា រូបលោកបានប្រើពាក្យសម្តីធ្ងន់ៗរិះគន់លើ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ហើយថែមទាំងធ្លាប់បានពិចារណាលាឈប់ពីមុខតំណែងថែមទៀតផង កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯក្រសួងការបរទេសអាមេរិក លោក Tillerson បាននិយាយថា «អនុប្រធានាធិបតីអាមេរិក លោក មៃ ភែន (Mike Pence) មិនដែលចាំបាច់ត្រូវនិយាយបញ្ចុះបញ្ចូល ឲ្យខ្ញុំនៅបន្តកាន់តំណែង ជាប្រមុខការទូតអាមេរិកនេះឡើយ ដោយសារតែខ្ញុំពុំធ្លាប់បានពិចារណា ថានឹងដើរចាកចេញពីតួនាទីនោះឡើយ»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវបានធ្វើឡើង ក្រោយពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានធ្វើសេចក្តីរាយការណ៍ថា លោក Rex Tillerson បានហៅលោក ត្រាំ ដែលជាមេដឹកនាំរបស់ខ្លួនថាជា «មនុស្សល្ងង់ខ្លៅ និងឡប់សតិ» ហើយគង់តែបានលោក Pence ទេទើបលោក Tillerson ត្រូវបានបញ្ចុះបញ្ចូលឲ្យនៅបន្តកាន់តំណែងជា រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក មកទល់ពេលនេះ៕
{IfMobile}
{ElseMobile}
{EndIfMobile}