(បាកដាត)៖ ទីក្រុងបាកដាតបានប្រកាសថា កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានវាយដណ្ដើមយកទីក្រុង Hawija និងតំបន់ក្បែរខាងពីពួក ISIS មកវិញហើយ បន្ទាប់ពីបានបើកប្រតិបត្តិការ យោធាកាលពីថ្ងៃទី២១ ខែកញ្ញាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
យោងតាមយោធាអ៊ីរ៉ាក់ ទីក្រុង Hawija ដែលជាតំបន់ឈរជើងដ៏រឹងមំាចុងក្រោយរបស់ពួក ISIS នៅឯភាគខាងជើងប្រទេសអ៊ីរ៉ាក់ មានទីតាំងស្ថិតនៅតាមបណ្ដោយព្រំដែនភាគខាងលិចនៃ ប្រទេសស៊ីរី។ ប្រតិបត្តិការយោធានេះ ដឹកនាំដោយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ គំាទ្រដោយសហរដ្ឋអាមេរិក និងកងជីវពលអ៊ីរ៉ង់ រួមទាំងកងកម្លាំងស៊ីអ៊ីត ឬគេស្គាល់ថា Popular Mobilization។ «កងទ័ពអ៊ីរ៉ាក់មកពីអង្គភាពទី០៩ ប៉ូលិសសហព័ន្ធកងអង្គភាពប្រតិកម្មរហ័ស (...) Popular Mobilization បានរំដោះទីក្រុង Hawija ដោយជោគជ័យពីពួក ISIS»។ នេះបើតាមសេចក្ដី ថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ាក់។
គួរបញ្ជាក់ថា ទីក្រុង Hawija មានទីតាំងស្ថិតនៅជិតទីក្រុង Kirkuk ជាទីក្រុងសម្បូរប្រេងមួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងឃើដ។ ដូច្នេះការដណ្ដើមយកទីក្រុងមួយនេះ អាចជាកង្វល់មួយរបស់ឃើដ ត្បិតមេបញ្ជាការទ័ពអ៊ីរ៉ាក់ម្នាក់ធ្លាប់បាននិយាយថា ទីក្រុង Kirkuk អាចនឹងក្លាយជាគោលបន្ទាប់របស់កងកម្លាំងអ៊ីរ៉ាក់ ក្រោយឃើដបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ៕