(វ៉ាស៊ីនតោន)៖ ប្រធាននាយកដ្ឋានប៉ូលិស ក្នុងទីក្រុង ឡាស វេហ្គាស់ លោក ចូសិព ឡុមបាដូ (Joseph Lombardo) បាននិយាយថា ខ្មាន់កំាភ្លើងឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែលបានបាញ់ សម្លាប់រង្គាលមនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងបង្ករបួសជាង ៥០០នាក់ នោះបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីទិញកំាភ្លើង និងរស់នៅដោយអាថ៌កំបាំង គ្មាននរណាម្នាក់អាចយល់បានទាំងស្រុងនោះទេ។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោក Lombardo បានឱ្យដឹងយ៉ាងដូច្នេះថា «អ្វីដែលយើងបានដឹងពី ស្ទីវិន ផេដដក់ (Stephen Paddock) គឺជាមនុស្សម្នាក់បានចំណាយពេល រាប់ទសវត្សរ៍ ដើម្បីទិញកំាភ្លើង និងរស់នៅជាមួយភាពអាថ៌កំបំាង ដោយគ្មាននរណាម្នាក់អាចយល់ពីគាត់ទាំងស្រុងឡើយ... គាត់បានរៀបចំគម្រោងយ៉ាងល្អិត មុននឹងបើកការបាញ់ប្រហារដ៏អាក្រក់ បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប»។
គួររំលឹកថា កាលពីយប់ថ្ងៃអាទិត្យ ខ្មាន់កាំភ្លើង ស្ទីវិន ផេដដក់ (Stephen Peddock) បានបើកការបាញ់រះចេញពីលើបន្ទប់ជាន់ទី៣២ នៃសណ្ឋាគារម៉ានដាឡាយ បេយ៍ (Mandalay Bay) ទៅលើហ្វូងមនុស្សជាង០២ម៉ឺននាក់ ដែលបានទៅចូលរួមយប់ចុងក្រោយ នៃព្រឹត្តិការណ៍ប្រគុំតន្រ្តី Route 91 Harvest Country Music Festival។ ជាលទ្ធផលមនុស្ស៥៨នាក់ បានស្លាប់ និង៥២៧នាក់រងរបួស រីឯក្រុម ISIS ក៏បានចេញមុខទទួលខុសត្រូវផងដែរ ក៏ប៉ុន្តែ FBI បានបដិសេធដោយមិនទាន់កំណត់ជាក់លាក់ពីគោលបំណងនៃការបាញ់ប្រហារនេះ នៅឡើយទេ៕