(អាមេរិក)៖ ប្រទេសបិតាប្រជាធិបតេយ្យ និងជាមហាអំណាចពិភពលោកសហរដ្ឋអាមេរិក កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ បានជួបប្រទះហេតុការណ៍បាញ់ប្រហារដ៏គួរឲ្យរន្ធត់មួយ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើនសន្ធឹកសន្ធាប់។ ខាងក្រោមនេះជាព័ត៌មានលម្អិតសំខាន់ៗ ពាក់ព័ន្ធនឹងករណីវាយប្រហារខាងលើនេះ៖
* ពេលវេលា៖ ហេតុការណ៍បាញ់ប្រហារបានកើតឡើងក្នុងរយៈពេលចន្លោះពី០៩នាទី ទៅ១១នាទី កាលពីវេលាម៉ោង១០៖០៨នាទីយប់ (ម៉ោងនៅតំបន់ភាគខាងលិចអាមេរិក) នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ខណៈកំពុងមានការប្រគុំតន្ត្រីដ៏ធំមួយឈ្មោះ Route 91 Harvest ដែលបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃទៅហើយ ដោយថ្ងៃកើតហេតុគឺជាថ្ងៃចុងក្រោយនៃកម្មវិធីនេះ។
* ទីតាំង៖ ខ្មាន់កាំភ្លើង បានបាញ់រះចេញពីបន្ទប់ជាន់ទី៣២ នៃសណ្ឋាគារ Mandalay Bay ដែលជននោះស្នាក់នៅ សំដៅទៅលើហ្វូងមនុស្សប្រមាណជាង២២,០០០នាក់ ដែលកំពុងចូលរួមទស្សនាការប្រគុំតន្រី្ត Route 91 Harvest ស្ថិតនៅក្បែរសណ្ឋាគារនោះនៅតែម្តង។ សណ្ឋាគារ Mandalay Bay ជាសណ្ឋាគារបែបរមណីយដ្ឋាន និងកាស៊ីណូដ៏ប្រណិត ដែលមានកម្ពស់៤៣ជាន់ និង៣,៣០៩បន្ទប់ ហើយមានជណ្តើរយន្តចំនួន២៤ ស្ថិតក្នុងទីក្រុង Las Vegas ក្នុងរដ្ឋឋានសួគ៌ Nevanda នៃដែនដីភាគខាងលិចរបស់សហរដ្ឋអាមេរិក។
* ចំនួនជនរងគ្រោះ៖ ហេតុការណ៍បាញ់ប្រហារដ៏អាក្រក់នេះ បានឆក់យកជីវិតមនុស្សជាច្រើននាក់ ក្នុងនោះរួមទាំង គិលានុបដ្ឋាយិកា គ្រូបង្រៀន មន្ត្រីប៉ូលិស បុគ្គលិករដ្ឋ ឯកជន និងស្ថាប័នជាច្រើនផ្សេងទៀត។ របាយការណ៍ដែលចេញផ្សាយត្រឹមថ្ងៃទី០៥ ខែតុលានេះ បានឱ្យដឹងថា មានមនុស្សចំនួន៥៩នាក់ហើយ ដែលបានស្លាប់ និង៥២៧នាក់ផ្សេងទៀតរងរបួស។
លោក Jason Aldean ជាតារាចម្រៀងដ៏ល្បីម្នាក់ ដែលចូលរួមសំដែង នៅពេលហេតុការណ៍នេះ បានកើតឡើង តែសំណាងល្អបានរួចជីវិតនោះ បានចាត់ទុកហេតុការណ៍នេះ ថាជារឿងដ៏អាក្រក់បំផុតសម្រាប់លោក ក៏ដូចជាប្រជាពលរដ្ឋអាមេរិកទាំងអស់។
* ជនសង្ស័យ៖ ប្រភពពីប៉ូលិសបានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់រះនៅទីក្រុង Las Vegas មានឈ្មោះថា Stephen Craig Paddock វ័យ៦៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅរដ្ឋ Nevada ផ្ទាល់តែម្តង ។ ប្រភពដដែលបានឱ្យដឹងថា ខា្មន់កាំភ្លើងមានទំនាក់ទំនងជាមួយស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះថា Marilou Danley។ បច្ចុប្បន្ននាងបានជិះយន្ដហោះចាកចេញពីប្រទេសហ្វីលពីន ត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញហើយ ដោយនាងនឹងត្រូវបានអមការពារ និងឃ្លាំមើលដោយភ្នាក់ងារ FBI នៅពេលមកដល់សហរដ្ឋអាមេរិក។
នៅមុនថ្ងៃកើតហេតុ លោក Paddock បានផ្ទេរប្រាក់ចំនួន១០០,០០០ដុល្លារអាមេរិក ទៅប្រទេសហ្វីលីពីន។ ប៉ុន្តែមិនច្បាស់ថាតើប្រាក់នេះ លោកមានបំណងផ្ទេរទៅមិត្តស្រីរបស់លោកឬយ៉ាងណានោះទេ។ ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមធ្វើការតាមដានទៅលើថវិកាខាងលើនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អាជ្ញាធរបានរកឃើញរបាយការណ៍ដែលបញ្ជាក់ថា នាពេលថ្មីៗនេះ លោក Paddock បានចំណាយលុយរហូតដល់១០,០០០ដុល្លារ ក្នុងមួយថ្ងៃដើម្បីលេងល្បែងស៊ីសង។ សូមជម្រាបថាខ្មាន់កាំភ្លើងរូបនេះ បានបាញ់សម្លាប់ខ្លួនឯង មុនពេលប៉ូលីសសម្រុកចូលដល់ក្នុងបន្ទប់សណ្ឋាគារ ដែលលោកបានស្នាកនៅ។
* លទ្ធផលនៃការស៊ើបអង្កេត៖ តាមរយៈល្បឿនយ៉ាងលឿននៃការបាញ់ប្រហារ បានបង្ហាញថាខ្មាន់កាំភ្លើង ប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិ ដែលត្រូវបានហាមឃាត់យ៉ាងតឹងរឹង ក្នុងច្បាប់របស់សហរដ្ឋអាមេរិក ឬមួយក៏ទំនងជាភ្ជាប់ឧបករណ៍ អ្វីម្យ៉ាងទៅនឹងកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ដើម្បីឱ្យអាវុធអាចបន្តបាញ់ប្រហារដោយខ្លួនឯង នេះជាការលើកឡើងរបស់លោក Massad Ayoob អ្នកជំនាញផ្នែកអាវុធ ដោយលោកបានបញ្ជាក់ថា «ការបាញ់ប្រហារនេះ មានល្បឿនរហ័សជាងអ្វីដែលមនុស្សទូទៅអាចធ្វើបាន»។
ខ្មាន់កាំភ្លើងរូបនេះ អាចនឹងបានប្រើប្រាស់ឧបករណ៍ពិសេសអ្វីមួយ ដើម្បីជួយជម្រុញឱ្យការបាញ់ប្រហារ បានយ៉ាងឆាប់រហ័សបែបនេះ។ ជាក់ស្តែង ក្នុងអំឡុងពេលត្រឹមតែពី០៩ ទៅ ១១នាទី ខ្មាន់កាំភ្លើងម្នាក់នេះតែឯងប៉ុណ្ណោះ បែរជាអាចបង្កឱ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់បែបនេះ។
ប៉ូលីសបានអះអាងថា ការបាញ់ប្រហារខាងលើនេះ ត្រូវបានរៀបចំគម្រោងយ៉ាងល្អិតល្អន់ ដូចជាការជ្រើសរើសទីតាំងនៃបន្ទប់សណ្ឋាគារ ដើម្បីអាចទស្សនាការប្រគុំតន្ត្រី និងការលួចនាំចូលអាវុធរហូតទៅដល់២៣ដើម ចូលទៅក្នុងបន្ទប់ ត្រៀមសម្រាប់បាញ់ប្រហារ និងការបំពាក់កាម៉ារ៉ាសុវត្ថិភាពជាដើម។ បើតាមការបញ្ជាក់ពីមន្ត្រីស៊ើបអង្កេត FBI បានឱ្យដឹងថា ក្នុងចំណោមអាវុធដែល លោក Paddock ប្រើប្រាស់នោះគឺមានចំនួន១២ដើម ជាប្រភេទកាំភ្លើងបាញ់រះបានយ៉ាងរហ័ស និងស្វ័យប្រវត្តិ ឬ bump-fire stock។ ការស៊ើបអង្កេតក៏បានឱ្យដឹងផងដែរថា លោក Paddoc ពុំមានទំនាក់ទំនងអ្វីជាមួយក្រុមឧទ្ទាម ISIS ឬក្រុមយោធាណាមួយឡើយ ទោះបីជាពួកភេរវករនេះបាន ចេញមុខអះអាងថា ជាទង្វើរបស់ខ្លួនយ៉ាងណាក្តី។
* ច្បាប់គ្រប់គ្រងអាវុធនៅសហរដ្ឋអាមេរិក៖ ក្រោមច្បាប់ហាមឃាត់អាវុធក្នុងឆ្នាំ១៩៩៤ សភាបានដាក់កម្រិតទៅលើការផលិត និងការលក់ប្រភេទកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ក៏ដូចជាហាមឃាត់ការបោះពុម្ភទស្សនាវដ្តី បង្ហាញពីអាវុធ ដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់បែបនេះ។ ប៉ុន្តែច្បាប់នេះបានផុតពេលកំណត់ ក្នុងឆ្នាំ២០០៤ បន្ទាប់ពីមានសុពលភាពអស់រយៈពេល១០ឆ្នាំ។ យ៉ាងនេះក្តី រដ្ឋមួយចំនួននៅតែបន្តហាមឃាត់ទៅលើ ការប្រើប្រាស់អាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បែបនេះជាបន្តទៀត។ ប៉ុន្តែរដ្ឋ Nevada ខុសពីរដ្ឋផ្សេងទៀត ដោយច្បាប់ក្នុងរដ្ឋនេះ មានលក្ខណៈធូរស្រាលសម្រាប់អ្នកកាន់កាប់អាវុធ និងគ្មានការហាមឃាត់ទៅលើ ការលក់ដូរអាវុធឡើយ។
បន្ទាប់ពីការបាញ់ប្រហារសម្លាប់មនុស្សទ្រង់ទ្រាយធំបែបនេះ សមាជិកបក្សប្រជាធិបតេយ្យមួយចំនួន បានទាមទារឲ្យមានការហាមឃាត់ទៅលើអាវុធពាក់កណ្តាលស្វ័យប្រវត្តិ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាងមុន។
* ប្រតិកម្ម និងវិធានការណ៍៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលប៉ុណ្ណោះ ដើម្បីចូលរួមមរណទុក្ខដល់ជនរងគ្រោះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ និងចាត់ទុកថាទង្វើបាញ់សម្លាប់មនុស្ស គឺជាអំពើបិសាចដ៏អាក្រក់បំផុត។ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះ មិនបានលុបចោលគម្រោងធ្វើដំណើរទៅកាន់កោះ Puerto Rico ដើម្បីធ្វើការវាយតម្លៃទៅលើផលខូចខាត ដែលបណ្តាលមកពីព្យុះ Hurricane Maria ឡើយ មុននឹងទៅធ្វើទស្សនកិច្ចនៅទីក្រុង Las Vegas។ ដោយឡែកជើងហោះហើរមួយចំនួននៅអាកាសយាន្តដ្ឋាន Mc Carran ដែលស្ថិតនៅជិតកន្លែងបាញ់ប្រហារ និងត្រូវបានផ្អាកមួយរយៈ នារសៀលថ្ងៃអាទិត្យកន្លងទៅនេះ បច្ចុប្បន្នត្រូវបានដំណើរការឡើងវិញជាប្រក្រតីហើយ៕
បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា
{IfMobile} {ElseMobile} {EndIfMobile}