(សេអ៊ូល)៖ ការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាយថាហេតុណាមួយ អាចនឹងសម្លាប់ប្រជាជនក្នុងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូច្រើនជាង ០២លាននាក់។ នេះបើតាម គេហទំព័រតាមដានសកម្មភាពកូរ៉េខាងជើង 38 North ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
ការប៉ាន់ស្មានខាងលើរបស់ គេហទំព័រ 38 North ធ្វើឡើងចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែឡើងកម្ដៅដោយសារសង្រ្គាមពាក្យសម្ដី រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បន្ទាប់រដ្ឋកម្មុយនីស្ដមួយនេះ បានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់ ខណៈទីក្រុងសេអ៊ូលរំពឹងថា ទីក្រុងព្យុងយ៉ាងអាចនឹងបង្កជារឿងជាថ្មីម្ដងទៀត នៅក្នុងខែតុលានេះ។
បន្ថែមពីខាងលើនេះ បើតាម 38 North ផ្អែកលើការគណនាថ្មីៗកន្លងទៅ បើសិនជាកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារលើទីក្រុងសេអ៊ូល និងទីក្រុងតូក្យូនោះមនុស្សប្រមាណជា ២.១លាននាក់ អាចនឹងស្លាប់ហើយ ៧.៧លាននាក់រងរបួស។
មួយវិញទៀតតួលេនេះត្រូវបានសន្មត់ នៅក្នុងករណីមានការវាយប្រហារចំនួន ២៥លើក នៃប្រតិបត្តិការអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរមានកម្លាំងផ្ទុះពី ១៥ ទៅ ២៥០គីឡូតោន ទៅលើទីក្រុងសេអ៊ូល ដែលមានប្រជាជន ២៤.១លាននាក់ និងទីក្រុងតូក្យូ ៣៧.៩លាននាក់។
គួរបញ្ជាក់ថា បើតាម 38 North កំរិតផ្ទុះបង្កការខូចខាត និងសម្លាប់ជីវិតមនុស្ស ដែលគណនាពីការ វាយប្រហារនេះមានបីកំរិតគឺ ២០ភាគរយ, ៥០ភាគរយ និង៨០ភាគរយ។ ប៉ុន្តែទន្ទឹមគ្នានោះ គេហទំព័រមួយនេះ ក៏បានផ្ដោតសំខាន់ផងដែរលើប្រព័ន្ធមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង ខណៈជប៉ុនកំពុងស្ថិតនៅក្នុងដំណាក់ចរចា ដើម្បីដាក់ពង្រាយ Aegis Ashore ABM ក្នុងការទប់ទល់នឹងការវាយប្រហារ ពីទីក្រុងព្យុងយ៉ាង៕
{IfMobile}
{ElseMobile}
{EndIfMobile}