(មីយ៉ាន់ម៉ា)៖ កំពូលបវរកញ្ញាមីយ៉ាន់ម៉ា ត្រូវបានដកចេញពីតំណែង បន្ទាប់ពីរូបនាងបានបង្ហោះឃ្លីបវីដេអូមួយ ចោទប្រកាន់លើក្រុមសកម្មប្រយុទ្ធមូស្លីម ARSA ថា ជាដើមហេតុបង្កឲ្យមានអំពើហិង្សានាពេលបច្ចុប្បន្ននេះ នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេស។ នេះបើតាមបវរកញ្ញាឯករូបនេះផ្ទាល់ គឺកញ្ញា ស្វេ អៀន ស៊ី (Shwe Eain Si) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
បវរកញ្ញាវ័យ ១៩ឆ្នាំ រូបនេះបានបង្ហោះវីដេអូខាងលើ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ ក្នុងគោលបំណងចង់ជូនដំណឹងទៅកាន់ជនរួមជាតិមីយ៉ាន់ម៉ាទាំងអស់ អំពីស្ថានការណ៍នៃអំពើហិង្សា ដែលកំពុងកើតមានឡើង នៅក្នុងរដ្ឋ Rakhine។ ឃ្លីបវីដេអូនេះ បានចាប់ផ្តើមដោយកញ្ញា Eain Si និយាយទៅកាន់អ្នកទស្សនា ខណៈរូបភាពមួយចំនួនរួមមានទាំងកុមារ ដែលមានស្នាមរបួសនៅលើផ្ទៃមុខរបស់ពួកគេ លេចឡើងនៅក្នុងវីដេអូផងដែរ។
ជាការឆ្លើយតបចំពោះការបង្ហោះឃ្លីបវីដេអូនេះ ក្រុមហ៊ុន Hello Madam Group ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីបវរញ្ញានេះ បានសម្រេចចេញសេចក្តីប្រកាសថា បរវកញ្ញាឯក Shwe Eain Si ដែលទើបតែឈ្នះតំណែងនេះថ្មីៗនោះ នឹងមិនអាចបន្តគ្រងតំណែងនេះបានទៀតឡើយ បន្ទាប់ពីកញ្ញាបានបំពានលើលក្ខខណ្ឌនៃកិច្ចសន្យា។
គួរបញ្ជាក់ថា ដោយមិនបានសំដៅចំៗទៅលើ ការបង្ហោះវីដេអូនៅលើ Facebook ក្រុមហ៊ុន Hello Madam Group បានគូសបញ្ជាក់ថា កញ្ញា Eain Si មិនបានប្រព្រឹត្តខ្លួនឲ្យសមជាបវរកញ្ញាគំរូមួយរូបឡើយ។ យ៉ាងណាមិញ បើតាមបវរកញ្ញា Eain Si ផ្ទាល់ ដែលពេលនេះបានបាត់បង់តំណែងរបស់ខ្លួនហើយនោះ ការដកតំណែងនេះ ត្រូវបានធ្វើឡើង ពីព្រោះតែការបង្ហោះឃ្លីបវីដេអូដ៏ជាក់ស្តែងរបស់កញ្ញា ស្តីពីស្ថានការណ៍នៅក្នុងរដ្ឋ Rakhine៕
បើតាមរបាយការណ៍ UN ជនជាតិដើមភាគតិចមូស្ល៊ីម រ៉ូហ៊ីងយ៉ា ជាងកន្លះលាននាក់ បានភៀសខ្លួនទៅកាន់បង់ក្លាដែស ចាប់តាំងតែពីថ្ងៃទី២៥ ខែសីហាមក នៅពេលដែលក្រុមឧទ្ទាម ARSA បានវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិស ហើយបង្កឲ្យប្រតិបត្តិការក្តៅ បង្រ្កាបតបតទៅវិញពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានសម្លាប់ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ារាប់រយនាក់៕