(ព្រុចសែល)៖ អនុប្រធានទី១ នៃគណៈកម្មាការអឺរ៉ុប លោក ហ្វ្រង់ ធីមមើម៉ាន់ (Frans Timmermans) បាននិយាយថា សមាជិកសហភាពអឺរ៉ុបទាំងអស់ មានសិទ្ធិប្រើប្រាស់កម្លាំងដែល «សមហេតុសមផល» ដើម្បីការពារការអនុវត្តន៍ច្បាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក Frans Timmermans ធ្វើឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សជាង ៨៤៤នាក់ បានរងរបួសដោយសារតែអំពើហិង្សា ប្រព្រឹត្តឡើងដោយប៉ូលិសអេស្ប៉ាញ នៅអំឡុងពេលព្យាយាមបញ្ឈប់ការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ របស់តំបន់កាតាឡាន (Catalonia) កាលពីថ្ងៃអាទិត្យ ខណៈអង្គការសិទ្ធិមនុស្សបានថ្កោលទោសយ៉ាងខ្លាំង ចំពោះ ចំណាត់ការរបស់អាជ្ញាធរអេស្បាញ។
ថ្លែងទៅកាន់សភាអឺរ៉ុប លោក Timmermans បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាកាតាព្វកិច្ចសម្រាប់រាល់រដ្ឋាភិបាលនានា ក្នុងការការពារនីតិរដ្ឋ ហើយជួនកាលវាក៏តម្រូវឱ្យប្រើប្រាស់កម្លាំងសមហេតុសមផលផងដែរ... ការគោរពច្បាប់មិនមែនជាជម្រើសនោះទេ តែរឿងជាចាំបាច់ត្រូវធ្វើ»។
គួរបញ្ជាក់ថា យោងតាមលទ្ធផលបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យ ប្រជាជនតំបន់កាតាឡានជាង ៩០ភាគរយ បានគាំទ្រឱ្យតំបន់ស្វយ័តមួយនេះ ផ្ដាច់ខ្លួនពីប្រទេសអេស្ប៉ាញ មិនតែប៉ុណ្ណោះ បើទោះជាមានការជំទាស់ និងការគំរាមពីទីក្រុងម៉ាឌ្រីតក៏ដោយ ក៏មេដឹកនាំតំបន់កាតាឡាន (Catalonia) អាចនឹងប្រកាសឯករាជ្យនេះ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕