(ឡាសវេហ្គាស់)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុង ឡាស វេហ្គាស់ (Las Vegas) នៅបីថ្ងៃបន្ទាប់ពីទីក្រុងនេះ បានប្រឈមមុខនឹងករណីបាញ់ប្រហារយ៉ាងសាហាវបំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់សហរដ្ឋអាមេរិក ដែលបានផ្តាច់យកអាយុជីវិតមនុស្ស ៥៩នាក់ និងបង្កឲ្យរបួស ៥២៧នាក់ ផ្សេងទៀត ដើម្បីសម្តែងការសោកស្តាក និងចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ និងភរិយាលោកស្រី មេឡានៀ ត្រាំ បានធ្វើទស្សនកិច្ចនៅឯមន្ទីរពេទ្យ University Medical Center នៅភាគខាងត្បូងរដ្ឋនេវ៉ាដា (Nevada) ដើម្បីសួរសុខទុក្ខជនរងគ្រោះ និងសំណេះសំណាលជាមួយក្រុមវេជ្ជបណ្ឌិតនៅទីនោះ។ បន្ទាប់មកទៀត លោក ត្រាំ បានជួបជាមួយសមត្ថកិច្ច និងជនស៊ីវិលដទៃទៀត ដែលបានប្រថុយជីវិតរបស់ខ្លួន នៅក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងកក្រើកនេះ ធ្វើឡើងដោយខ្មាន់កាំភ្លើងឈ្មោះ ស្ទីវិន ផេដដក់ (Stephen Peddock) វ័យ ៦៤ឆ្នាំ ចេញលើបន្ទប់ជាន់ទី៣២ នៃសណ្ឋាគារ ម៉ានដាឡាយ បេយ៍ (Mandalay Bay) ទៅលើហ្វូងមនុស្សជាង ០២ម៉ឺននាក់ ដែលបានទៅចូលរួមយប់ចុងក្រោយ នៃព្រឹត្តិការណ៍ប្រគុំតន្រ្តី Route 91 Harvest Country Music Festival។
គួរបញ្ជាក់ថា នាឱកាសនៃការចុះទស្សនកិច្ចនៅក្នុងទីក្រុង Las Vegas នេះ លោក ដូណាល់ ត្រាំ មិនបានលើកឡើងអំពីបញ្ហានៃច្បាប់ប្រើប្រាស់កាំភ្លើង ដែលកំពុងក្លាយជាប្រធានបទ នៃការជជែកដេញដោលដ៏ក្តៅគគុក នៅសហរដ្ឋអាមេរិកនោះឡើយ៕