(សេអ៊ូល)៖ អគ្គមេបញ្ជាការកងទ័ពអាកាសអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក លោកឧត្តមសេនីយ៍ ទែរែន អូហ្សកណែស្ស៊ី (Terrence O’Shaughnessy) បានបញ្ជាក់ថា យន្តហោះចម្បាំងនានារបស់សហរដ្ឋអាមេរិក នឹងបន្តការហោះហើរក្បែរតំបន់ឧបទ្វីបកូរ៉េដដែល ដោយគោរពតាមច្បាប់អន្តរជាតិ បើទោះបីជាមានការព្រមានបាញ់ទម្លាក់ ពីសំណាក់កូរ៉េខាងជើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
កាលពីពេលថ្មីៗនេះ ឆ្លើយតបទៅនឹងការបញ្ជាយន្តហោះចម្បាំង រួមទាំងយន្តហោះទម្លាក់គ្រាប់បែកដ៏មានឥទ្ធិពល B-1B នៅក្បែរឧបទ្វីបកូរ៉េនោះ កូរ៉េខាងជើងបានបង្ហាញភាពក្តៅក្រហាយយ៉ាងខ្លាំង និងព្រមានបាញ់ទម្លាក់ទៀតផង។ ទោះបីជាបែបនេះក្តី សហរដ្ឋអាមេរិកហាក់មិនបានអើពើទៅនឹងការព្រមាននេះឡើយ ហើយថែមទាំងបានធ្វើការចេញសេចក្តីថ្លែងការណ៍ ដោយមេបញ្ជាការយោធាថ្នាក់តំបន់របស់ខ្លួនជាសាធារណថែមទៀត អំពីការហោះហើរជាថ្មីនៃយន្តហោះចម្បាំងនេះ។
គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ប្រទេសកូរ៉េខាងជើងបានទទួលរងទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ បន្ថែមទៀតពីសំណាក់អង្គការសហប្រជាជាតិ និងការដាក់ចូលក្នុងបញ្ជីខ្មៅនៃការធ្វើដំណើរ ពីសំណាក់សហរដ្ឋអាមេរិក។ បន្ថែមពីនេះទៀត ប្រទេសចិនក៏បានចាប់ផ្តើមអនុវត្តន៍ទណ្ឌកម្ម UN ដោយបិទក្រុមហ៊ុនកូរ៉េខាងជើង និងបណ្តេញពលករកូរ៉េខាងជើងរាប់ម៉ឺននាក់ ត្រឡប់ទៅស្រុកកំណើតវិញទៀតផង៕