(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បាននិយាយថា ការប្រើប្រាស់កម្លាំងយោធាជាសកលប្រឆាំងនឹងកូរ៉េខាងជើង អាចធ្វើទៅបាន ប៉ុន្តែកុំភ្លេចថាលទ្ធផលគឺគ្មាននរណាម្នាក់អាច ទាយទុកមុនបានឡើយ ត្បិតទីក្រុងព្យុងយ៉ាងជារដ្ឋដ៏អាថ៌កំបំាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងវេទិកាថាមពលអន្តរជាតិរៀបចំឡើងនៅក្នុងទីក្រុងមូស្គូនៅថ្ងៃពុធនេះ លោក ពូទីនបានកត់សម្គាល់ដូច្នេះថា៖«ការវាយប្រហារប្រឆាំងនឹងកូរ៉េខាងជើងអាចធ្វើទៅរួច ប៉ុន្តែលទ្ធផល គ្មាននរណាអាចទាយទុកមុនបាននោះទេ ពីព្រោះកូរ៉េខាងជើងគឺជារដ្ឋដ៏អាថ៌កំបាំង...ពោលគឺនិយាយឱ្យងាយស្ដាប់ថាតើគេអាចវាយប្រហារលើសត្រូវណាមួយបានទេ? ពិតណាស់គេអាច ធ្វើវាបាន តែតើការវាយប្រហារអាចទៅដល់គោលដៅឬទេ? វាពិបាកថាណាស់ត្បិតគ្មាននរណាម្នាក់អាចដឹងប្រាកដ១០០ភាគរយថាគោលដៅទាំងនោះនៅកន្លែងណាឡើយ»។ ព្រមពេល ជាមួយគ្នា ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានបញ្ជាក់ដែរការប្រើប្រាស់វោហាស័ព្ទបង្កសង្រ្គាម និងការបង្អួតកម្លាំងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង គឺមានតែផ្ដល់ថាមពលកាន់តែច្រើន ឱ្យមេដឹកនាំកូរ៉េខាងជើងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមទីក្រុងសេអ៊ូល កូរ៉េខាងជើងទំនងជាអាចនឹងបង្ករឿងសាជាថ្មីនៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែតុលា នាឱកាសនៃការប្រារព្ធខួបថ្ងៃបង្កើតគណបក្សពលករកូរ៉េ និងការបើកសមាជរបស់គណបក្សកុម្មុយនីស្ដចិន៕