(អ៊ីស្រាអែល)៖ សព្វាវុធក្នុងចំនួនយ៉ាងច្រើនគួរសម រួមមានទាំងគ្រឿងផ្ទុះផងដែរនោះ ត្រូវគេដឹងថា បានបាត់ចេញពីឃ្លាំងស្តុកអាវុធមួយកន្លែង ក្នុងបន្ទាយកងទ័ពអ៊ីស្រាអែល នៅភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
ពលទាហានប្រចាំមូលដ្ឋានយោធាខាងលើ បានដឹងពីការបាត់សព្វាវុធទាំងអស់នេះ ចេញពីឃ្លាំងស្តុកអាវុធរបស់ពួកគេ នៅអំឡុងការចុះត្រួតពិនិត្យឃ្លាំងជាប្រចាំ ហើយភ្លាមៗពួកគេ ក៏បានរាយការណ៍រឿងហេតុនេះ ទៅកាន់ថ្នាក់លើ។ បន្ទាប់មកកម្លាំងស៊ើបអង្កេតរបស់យោធា ក៏បានទៅដល់កន្លែងកើតហេតុជាបន្ទាន់ផងដែរ។
បើតាមក្រុមអ្នកស៊ើបអង្កេត នៅក្នុងចំណោមសព្វាវុធទាំងនោះ រួមមានគ្រាប់កាំភ្លើងទំហំ ៥.៥១មីលីម៉ែត្រ និង ៤០មីលីម៉ែត្រ, គ្រាប់បែកបង្កៃ M16, និងគ្រាប់មីនប្រឆាំងរថក្រោះជាដើម ដែលគ្រឿងទាំងអស់នេះ ទំនងជាបានធ្លាក់ទៅដល់ដៃក្រុមឧក្រិដ្ឋជនក្នុងប្រទេស ឬមួយក៏ពួកភេរវករបាត់ទៅហើយ។
គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់អាជ្ញាធរអ៊ីស្រាអែល ហេតុការណ៍ចូលលួចសព្វាវុធនេះ ប្រហែលជាបានកើតឡើងកាលពីអំឡុងថ្ងៃបុណ្យឈប់សម្រាក Rosh Hashana ឬក៏ Yom Kippur ដែលបានប្រព្រឹត្តទៅតៗគ្នា ចាប់ពីថ្ងៃទី២១ ខែកញ្ញាមក៕