(ប៉េកាំង)៖ បណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន បានចាក់បញ្ចាំងនាទីឯកសារមួយ ស្តីពីសមិទ្ធផលនានា ដែលសបញ្ជាក់ពីកិច្ចប្រឹងប្រែង នៃការធ្វើកំណែទម្រង់វិស័យយោធាក្នុងអំឡុងពេល ០៥ឆ្នាំ ចុងក្រោយនេះ ដើម្បីជំរុញកម្លាំងចិត្តកាន់តែខ្លាំងថែមទៀត នៅក្នុងគោលដៅរបស់មហាអំណាចនៅអាស៊ីមួយនេះ សំដៅកសាងកងទ័ពដ៏មានឥទ្ធិពលបំផុតមួយលើលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
នាទីឯកសារដែលមាន ០៨វគ្គ ហើយត្រូវបានបញ្ចាំងចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញាមក ខាងលើនេះ បានគូសបញ្ជាក់ពីសមិទ្ធផលធំៗ ដែលកងទ័ពចិនបានបម្រើជាផលប្រយោជន៍ដល់ជាតិ គិតចាប់តាំងតែពីមហាសន្និបាតជាតិ លើកទី១៨ នៃគណបក្សកុម្មុយនិស្តចិន កាលពីឆ្នាំ២០១២។ កម្រងឯកសារឈ្មោះ «Qiang Jun» ដែលមានន័យថា «ការស្ថាបនាកងទ័ពដែលអង់អាចអស្ចារ្យមួយ» នោះ ត្រូវបានផលិតឡើងដោយនាយកដ្ឋានកិច្ចការនយោបាយ នៃគណៈកម្មការយោធាមជ្ឈិមចិន និងកំពុងត្រូវបន្តចាក់បញ្ចាំង នៅលើទាំងប៉ុស្តិ៍ទូរទស្សន៍រដ្ឋចិន CCTV រួមទាំងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដទៃៗទៀត។
គួរបញ្ជាក់ថា បើតាមការស្ទាបស្ទង់មតិ ប្រជាពលរដ្ឋចិនជាច្រើននាក់ បានបង្ហាញពីមោទនភាពរបស់ពួកគេរៀងៗខ្លួន បន្ទាប់ពីបានទស្សនាវគ្គខ្លះៗ នៃនាទីឯកសារនេះ ដោយពួកគេបានទទួលស្គាល់ថា ប្រទេសចិនពិតបានឆ្លងកាត់ការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន យ៉ាងប្រសើរ ក្នុងអំឡុងពេលនៃការធ្វើកំណែទម្រង់ រយៈពេល ០៥ឆ្នាំ កន្លងទៅនេះ៕