(ឡាហាវ៉ាន)៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក ប៊្រូណូ រ៉ូទ្រីហ្គែស (Bruno Rodriguez) បានចេញមុខទាត់ចោល សំណើមិនសមហេតុផលរបស់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យមន្ត្រីទូតគុយបា ១៥នាក់ ចាកចេញពីទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេល ០៧ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតគុយបា ១៥នាក់ ដោយទុកពេលឱ្យពួកគេ ០៧ថ្ងៃ វេចបង្វិចចាកចេញពីទីក្រុងវ៉ាស៊ីនតោន។ បើតាមមន្ត្រីអាមេរិកម្នាក់ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មូលហេតុដែលសហរដ្ឋអាមេរិក បណ្ដេញមន្ត្រីទូតគុយបាទាំងនេះ គឺឈរលើមូលដ្ឋាននៃការបរាជ័យរបស់រដ្ឋាភិបាលទីក្រុងឡាហាវ៉ាន់ ក្នុងការការពារមន្ត្រីទូតអាមេរិកនៅក្នុងប្រទេសគុយបា ដែលត្រូវបានគេរាយការណ៍ថា បានទទួលរងការវាយប្រហារដោយសំឡេងដ៏អាថ៌កំបាំង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគេ។
ជុំវិញជម្លោះការទូតនេះដែរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯក្រសួងការបរទេសគុយបា កាលពីថ្ងៃអង្គារ លោក Rodriguez បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សំណើពីភាគីអាមេរិកធ្វើឡើងឈរលើមូលដ្ឋាន ដែលទីក្រុងវ៉ាស៊ីនតោនខ្លួនឯង បានសម្រេចចិត្តកាត់បន្ថយមន្ត្រីទូតរបស់ខ្លួន ប្រចាំទីក្រុងឡាហាវ៉ាន។ ដូច្នេះយើងសូមសម្ដែងការជំទាស់ និងថ្កោលទោល ចំពោះការសម្រេចចិត្តដោយគ្មានមូលដ្ឋាន និងមិនអាចទទួលយកបានបែបនេះ ហើយយើងយល់ថា វាគ្រាន់តែជាលែសត្រូវបានប្រើប្រាស់ ដើម្បីចោទប្រកាន់អាជ្ញាធរគុយបាថា មិនបានចាត់វិធានការ ចាំបាច់ការពារមន្ត្រីទូតអាមេរិកតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា គុយបា និងសហរដ្ឋអាមេរិក ដែលជាធ្លាប់ជាអតីតគូរសត្រូវ នៅអំឡុងសម័យសង្រ្គាមត្រជាក់ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៥។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ផ្ដើមល្អក់កករនឹងគ្នាឡើងវិញ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ជាមួយការសន្យាថា លោកនឹងពិនិត្យឡើងវិញនូវរាល់កិច្ចព្រមព្រៀង ជាមួយទីក្រុងឡាហាវ៉ាន់៕