(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford Motor នឹងកាត់បន្ថយការចំណាយរបស់ខ្លួន ក្នុងចំនួនប្រមាណ ១៤ពាន់លានដុល្លារ នៅក្នុងរយៈពេល ០៥ឆ្នាំខាងមុខ ហើយងាកទៅផ្តោតការវិនិយោគ ទៅលើរថយន្តដើរដោយថាមពលអគ្គិសនីវិញ ខណៈនាយកប្រតិបត្តិថ្មី (CEO) របស់ក្រុមហ៊ុន មានគោលដៅចង់បង្កើនកម្រិតប្រាក់ចំណូល និងលើកកម្ពស់មុខមាត់របស់ Ford សម្រាប់ពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន USA Today នៅរសៀលថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
លោក ចេម ហេកខេតត៍ (Jam Hackett) នាយកប្រតិបត្តិនៃក្រុមហ៊ុន Ford Motor បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដ៏វែងឆ្ងាយរបស់លោកខាងលើ ដើម្បីសំដៅកែប្រែមុខមាត់ថ្មី សម្រាប់ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីនេះ បន្ទាប់ពីបានឡើងកាន់មុខតំណែង កាលពីខែឧសភាកន្លងទៅ។
គួរបញ្ជាក់ថា ការចំណាយដែលត្រូវកាត់បន្ថយ រួមមាន ១០ពាន់លានដុល្លារ ចំពោះការចំណាយលើវត្ថុធាតុដើមផ្សេងៗ និង ០៤ពាន់លានដុល្លារ ចំពោះផ្នែកវិស្វកម្ម ដោយក្រុមហ៊ុនមានបំណងចង់បន្ថយពេលវេលា សម្រាប់ការផលិតយានយន្តឲ្យបាន ២០ភាគរយ នាពេលខាងមុខ។ ម៉្យាងវិញទៀត នៅក្នុងគម្រោងរបស់ លោក Hackett ក្រុមហ៊ុន Ford នឹងចាប់ផ្តើមផ្តោតសំខាន់ទៅលើការផលិតប្រភេទរថយន្ត ដែលដើរដោយថាមពលអគ្គិសនីវិញ៕