(អាមេរិក)៖ វីដេអូថ្មីមួយបង្ហាញអំពីសំឡេង និងសកម្មភាពជ្រួលច្របល់ នៅពេលកើតករណីបាញ់ប្រហារនៅទីក្រុង ឡាស វេហ្គាស់ រដ្ឋណេវ៉ាដា (Nevada) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន (ពេលវេលានៅភាគខាងលិចអាមេរិក) ដែលសមត្ថកិច្ចអាមេរិកអះអាងថា ការបាញ់រះពីលើអាគារជាន់ទី ៣២ នោះមានរយៈពេលពី ៩នាទី ទៅ ១១នាទី បានបណ្តាលឲ្យមនុស្សម្នា ៥៩នាក់ស្លាប់ និង ៥២៧នាក់រងរបួស ក្នុងចំណោមអ្នកចូលរួមទស្សនាសរុប ចំនួនជាង ២ម៉ឺននាក់ ក្នុងថ្ងៃចុងក្រោយនៃការប្រគុំតន្ត្រី ក្បែរសណ្ឋាគារដ៏ប្រណិត ម៉ាន់ដាឡាយ បេយ (Mandalay Bay)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នារសៀលថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
ប៉ូលីសបានអះអាងថា ការបាញ់ប្រហារខាងលើនេះ គឺត្រូវបានរៀបចំគំរោងយ៉ាងល្អិតល្អន់ ដូចជាការជ្រើសរើសបន្ទប់សណ្ឋាគារ ដើម្បីទស្សនការប្រគុំតន្ត្រី និងការលួចនាំចូលអាវុធរហូតទៅដល់ ២៣ដើមចូលទៅក្នុងបន្ទប់ សម្រាប់ត្រៀមប្រព្រឹត្តការបាញ់ប្រហារយ៉ាងកម្រោលបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អាមេរិកនេះ។ បន្ថែមពីនេះទៀត ខ្មាន់កាំភ្លើងឈ្មោះ ស្ទេហ្វិន ផេកដក់ អាយុ ៦៤ឆ្នាំម្នាក់នេះ បានបំពាក់កាមេរ៉ា នៅកន្លែងទទួលភ្ញៀវនៃសណ្ឋាគារដែលខ្លួនស្នាក់នៅ និងផ្លូវធ្វើដំណើរទៅកាន់បន្ទប់របស់ខ្លួន ដែលអាចជាការចាំតាមដានមនុស្សម្នា ដែលដើរឆ្លងកាត់បន្ទប់របស់ជនបង្ករូបនេះទៀតផង។
បើតាមការបញ្ជាក់ពីមន្ត្រី FBI ក្នុងចំណោមអាវុធដែល លោក ផេកដក់ បានប្រើប្រាស់នោះគឺមាន ១២ដើម ជាប្រភេទកាំភ្លើងបាញ់រះយ៉ាងរហ័ស និងស្វ័យប្រវត្តិ ឬ bump-fire stock។ វីដេអូខាងលើនេះ ក៏បានបង្ហាញសកម្មភាពរបស់ប៉ូលិសនៅកន្លែងកើតហេតុ ដែលបានធ្វើការចល័តកម្លាំង និងបាញ់ប្រហារតបតទៅវិញ ដើម្បីបញ្ឈប់សកម្មភាពវាយប្រហារពីសំណាក់ជនសង្ស័យពីលើសណ្ឋាគារដ៏ខ្ពស់ស្កឹមស្កៃ។
សម្រាប់ព័ត៌មានថ្មីៗ ដែលសារព័ត៌អាមេរិកទទួលបានបន្ថែមទៀតនោះ គឺមិត្តស្រីរបស់ខ្មាន់កាំភ្លើងឈ្មោះ Stephen Paddock ដែលបានបាញ់សម្លាប់មនុស្ស ៥៨នាក់ និងរបួស ៥២៧នាក់ ត្រូវបានគេដឹងថា បានជិះយន្ដហោះចាកចេញពីប្រទេសហ្វីលពីន ត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញហើយ។ យោងតាមក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីន មិត្តស្រីរបស់បុរសរូបនេះ គឺអ្នកស្រី មារីលូ ដេនឡេយ (Marilou Danley) ដែលអាជ្ញាធរអាមេរិកនិយាយថា ជាមនុស្សសំខាន់ម្នាក់នៅក្នុងការស៊ើបអង្កេត បានចាកចេញពីប្រទេសហ្វីលពីន កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីអ្នកស្រី បានធ្វើដំណើរមកកាន់ទីក្រុងម៉ានីល កាលពីខែកញ្ញា កន្លងទៅ។
ចំណែកឯមន្ត្រីអាមេរិក ក៏បានឱ្យដឹងដែរថា ការចាកចេញរបស់ស្រី្តរូបនេះ មកកាន់សហរដ្ឋអាមេរិក ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ FBI ហើយនាងបានចាកចេញពីទីក្រុងម៉ានីល ដោយគ្មានការឃ្លាំមើលឡើយ ប៉ុន្តែរូបនាងអាចនឹងត្រូវចូលមកអមជាមួយការការពារដោយ FBI នៅពេលមកដល់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកស៊ើបអង្កេតអាមេរិក ខ្មាន់កាំភ្លើង ស្ទេហ្វិន ផេកដក់ (Stephen Paddock) ពុំមានទំនាក់ទំនងអ្វីមួយ ជាមួយនិងក្រុម ISIS ឡើយ ទោះបីជាពួកភេរវករនេះបាន ចេញមុខអះអាងថា ជាទង្វើរបស់ខ្លួនយ៉ាងណាក្តី ហើយលោក ដូណាល់ ត្រាំ ក៏បានថ្លែងអះអាងថា លោកគ្មានយោបល់អ្វីទេ ចំពោះការអះអាងច្បាស់ៗពី FBI បែបនេះ៕