(អាមេរិក)៖ អភិបាលកោះ ភើតូរីកូ (Puerto Rico) បានឲ្យដឹងនាថ្ងៃពុធនេះថា តួលេខផ្លូវការនៃចំនួនមនុស្សបាត់បង់ជីវិតដោយសារតែមហន្តរាយ បង្កឡើងដោយខ្យល់ព្យុះ ហឺរីខិន ម៉ារៀ (Hurricane Maria) បានកើនឡើងដល់ ៣៤នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន New York Post នៅព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
អភិបាលកោះ Puerter Roco លោក រីខាដូ រ៉ូស្សែលឡូ (Ricardo Rossello) ក៏បានបញ្ជាក់ដែរថា ទំហំនៃការបំផ្លិចបំផ្លាញ បណ្តាលមកពីគ្រោះធម្មជាតិនេះ នៅទូទាំងដែនដីកោះក្នុងតំបន់ការីបៀន គឺមានទំហំជាទឹកប្រាក់យ៉ាងតិច ៩០ពាន់លានដុល្លារ ឯណោះ។ លោក Rossello បានធ្វើសេចក្តីប្រកាសនេះ នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរយៈពេលខ្លី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់តំបន់រដ្ឋបាលមួយនេះ ដើម្បីវាយតម្លៃទៅលើការរងផលប៉ះពាល់ នៃព្យុះកំណាចនេះ។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ដូណាល់ ត្រាំ ក៏បានឆ្លៀតឱកាសផ្តល់ជាកម្លាំងចិត្ត ដល់ពលរដ្ឋអាមេរិកនៅទីនោះផងដែរ ខណៈព្យុះ Hurricane Maria នេះ គឺជាព្យុះ Hurricane ដ៏អាក្រក់បំផុត ដែលបានវាយប្រហារមកលើកោះ Puerto Rico ក្នុងអំឡុងពេលជាង ៩០ឆ្នាំមកនេះ៕