(អាមេរិក)៖ ប្រជាជនប្រមាណ ១០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ ក្នុងទីក្រុងឡនឌែល (Lawndale) នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីអាជ្ញាធរបានប្រទះឃើញអាវុធជាតិផ្ទុះមួយចំនួន នៅក្នុងទីធ្លាក្រោយផ្ទះ ដែលត្រូវគេបោះបង់ចោលមួយខ្នង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៧។
សមត្ថកិច្ចប្រចាំតំបន់ដំបូងឡើយ ទទួលបានការហៅទូរស័ព្ទពីសំណាក់ពលរដ្ឋម្នាក់ ដែលរស់នៅទីនោះ ដែលបានរាយការណ៍ពីរថយន្តគួរឲ្យសង្ស័យមួយគ្រឿង ចតនៅមុខផ្ទះរបស់ពួកគេ ហើយក្រោយមកគ្រឿងផ្ទុះទាំងប៉ុន្មានខាងលើ ក៏ត្រូវបានប្រទះឃើញ បន្ទាប់ពីកម្លាំងប៉ូលិស បានធ្វើការត្រួតពិនិត្យជុំវិញទីតាំងនោះ។
បើតាមក្រុមមន្រ្តីស៊ើបអង្កេត គ្រាប់បែកដៃ, គ្រាប់កាំភ្លើងធំ, គ្រាប់កាំភ្លើងត្បាល់, និងគ្រាប់កាំភ្លើងសរុបប្រមាណ ៣០គ្រាប់ ត្រូវបានរកឃើញហើយដោយព្រួយបារម្ភថា អាវុធទាំងនេះ អាចនឹងនៅផ្ទុះបាននោះ អាជ្ញាធរបានសម្រេចបង្គាប់ឲ្យមនុស្សប្រហែល ១០០នាក់ ចាកចេញពីផ្ទះរបស់ពួកគេភ្លាមៗផងដែរ។ បន្ថែមពីនេះ បន្ទាប់ពីក្រុមជំនាញដោះគ្រាប់ បានចំណាយពេល ១៤ម៉ោង ធ្វើការវិភាគទៅលើវត្ថុទាំងនេះ អាជ្ញាធរបានសន្និដ្ឋានថា គ្រាប់ភាគច្រើនគឺមិនអាចផ្ទុះទៀតឡើយ ក៏ប៉ុន្តែអ្នករស់នៅជុំវិញនោះ នៅតែត្រូវបានបន្តជម្លៀសខ្លួនដដែល ដើម្បីសុវត្ថិភាព។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាមេរិក លំនៅឋានដែលគេរកឃើញគ្រឿងផ្ទុះខាងលើ បានក្លាយជាទីជ្រកកោណរបស់ជនគ្មានផ្ទះសម្បែងស្នាក់នៅ បន្ទាប់ពីម្ចាស់ផ្ទះនេះ ដែលជាអតីតយុទ្ធជនកាលពីសម័យសង្រ្គាមលោកលើកទី ០២នោះ បានទទួលមរណភាពកាលពីប៉ុន្មានខែមុន៕
http://www.trbimg.com/img-59cee6a2/turbine/la-me-ln-lawndale-explosives-20170929