(ម៉ាឌ្រីត)៖ បើទោះជាមានការព្រមានពីទីក្រុងម៉ាឌ្រីតក៏ដោយ ក៏រដ្ឋាភិបាលតំបន់កាតាឡាន (Catalonia) នៅតែប្រកាន់ជំហរថា នឹងប្រកាសឯករាជ្យផ្ដាច់ខ្លួនពីប្រទេសអេស្ប៉ាញ នៅប៉ុន្មានថ្ងៃមុខនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា ព្រះមហាក្សត្រអេស្ប៉ាញ ទ្រង់ ហ្វេលីព ទី០៦ (Felipe VI) មានបន្ទូលថា ឯករាជ្យនេះកំពុងនាំប្រជាជនកាតាឡានចេញពីច្បាប់ ក៏ដូចជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងប្រទេសអេស្ប៉ាញទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
កាលពីថ្ងៃប៉ុន្មានថ្ងៃមុន រដ្ឋមន្រ្តីយុត្តិធម៌អេស៉្បាញបានបញ្ជាក់ឡើងវិញថា ទីក្រុងម៉ាឌ្រីត នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង នៅក្រោមប្រព័ន្ធច្បាប់ដែលមានស្រាប់ ដើម្បីរារាំងការប្រកាសឯករាជ្យនៃ តំបន់កាតាឡាន (Catalonia) ព្រមទាំងព្រមានថា ការរឹងទទឹងចង់ទាមទារឯករាជ្យភាពនេះ គឺជាការរំលោភបំពានលើមាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញជាតិ ដែលអាចនឹងបង្ខំឲ្យរដ្ឋាភិបាលចូលធ្វើ អន្តរាគមន៍គ្រប់គ្រងតំបន់ស្វយ័តកាតាឡាន។
«ប្រសិនបើនរណាម្នាក់គ្រោង ប្រកាសឯករាជ្យនៅលើទឹកដីណាមួយក្នុងប្រទេសអេស៉្បាញ ខណៈដែលពួកគេមិនអាចធ្វើទៅបាន ព្រោះតែគ្មានសិទ្ធិអំណាចគ្រប់គ្រាន់ដើម្បីធ្វើដូច្នោះ... ហើយរដ្ឋាភិបាលនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងស្របទៅតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់រឿងនេះ»។ នេះគឺជាការព្រមានរបស់រដ្ឋមន្រ្តីយុត្តិធម៌អេស៉្បាញ លោក រ៉ាហ្វាអែល កាតាឡា (Rafael Catala)។
តែយ៉ាងណា ជុំវិញការព្រមាននេះដែរ មេដឹកនាំកាតាឡាន លោក Carles Puigdemont បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ BBC ថា លោកនៅតែប្រកាន់គោលជំហរ នឹងប្រកាសឯករាជ្យនៅក្នុងសប្ដាហ៍នេះ ឬក៏អាចនៅដើមសប្ដាហ៍ក្រោយ ហើយថាការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកាតាឡានពីសំណាក់រដ្ឋាភិបាលអេស្ប៉ាញ នឹងក្លាយជាកំហុសមួយដែលនឹងផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង។ មិនតែប៉ុណ្ណោះ លោកក៏បានសម្ដែងការមិនពេញចិត្តផងដែរ ចំពោះសេចក្ដីថ្លែងការណ៍របស់គណៈកម្មាអឺរ៉ុប កាលពីថ្ងៃចន្ទដែលថា ព្រឹត្តិការណ៍កើតឡើងក្នុងតំបន់កាតាឡាន គឺជាកិច្ចការផ្ទៃក្នុងរបស់អេស្ប៉ាញ ខណៈរុស្ស៊ីថា ជាបញ្ហាផ្ទៃក្នុងរបស់តំបន់កាតាឡាន។
គួរបញ្ជាក់ថា លោក ខាឡែស ភីកម៉ុនក៍ (Carles Puigdemont) ធ្លាប់បានប្រកាសថា ប្រជាជននៃតំបន់ Catalan បានឈ្នះសិទ្ធិដើម្បីបំបែកខ្លួនចេញពីប្រទេសអេស៉្បាញ បន្ទាប់ពីអ្នកចូលរួមបោះឆ្នោតប្រមាណ ៩០ភាគរយ ក្នុងការធ្វើប្រជាមតិ ដើម្បីទាមទារឯករាជ្យបានបោះឆ្នោតយល់ស្របចង់ធ្វើបែបនេះ ទោះបីជាមានការបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃ ពីកម្លាំងប៉ូលិសដែលបានបង្កឲ្យមនុស្ស ៨៤៤នាក់ និងប៉ូលិសអេស្ប៉ាញ ៣៣នាក់ រងរបួសយ៉ាងណាក្តី៕