(វ៉ាស៊ីនតោន)៖ បន្ទាប់ពីសហរដ្ឋអាមេរិក បានជួបប្រទះនឹងសោកនាដកម្មនៃការបាញ់ប្រហារដ៏មហាប្រល័យនៅឯទីក្រុង ឡាស វេហ្គាស់ (Las Vegas) រដ្ឋណេវ៉ាដា (Nevada) ក្រុមអ្នកជំនាញ មួយចំនួនយល់ថា ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធនៅសហរដ្ឋអាមេរិក អាចនឹងត្រូវបានគេលើកយកមកជជែកដេញដោល យ៉ាងផុលផុសជាថ្មីម្ដងទៀត ហើយពិធីការសន្តិសុខអាមេរិកបច្ចុប្បន្ន ក៏អាចនឹងត្រូវផ្លាស់ប្ដូរផងដែរ ដើម្បីទប់ស្កាត់កុំឱ្យការវាយប្រហារដ៏អាក្រក់បែបនេះ កើតមានឡើងជាសាថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Russian Today អតីតទីភ្នាក់ងារ FBI លោក ចេមស៍ ខុនវ៉ាយ (James Conway) បានកត់សម្គាល់ដូច្នេះថា «ការបាញ់ប្រហារក្នុងទីក្រុង ឡាស វេហ្គាស់ អាចនឹងជំរុញឱ្យសហរដ្ឋអាមេរិក បង្កើតពិធីការសន្តិសុខមានលក្ខណៈស្រដៀងគ្នាទៅនឹងបណ្ដាប្រទេសដទៃ... ពោលគឺយើងអាចនឹងបានឃើញ ពិធីការសន្តិសុខមួយចំនួន ត្រូវបានផ្លាស់ប្តូរនៅតាមដងផ្លូវក្នុងទីក្រុង ឡាស វេហ្គាស់ ឬក៏យើងអាចនឹងឃើញការរឹតបន្តឹងសន្តិសុខ ដូចជាការឆែកកញ្ចប់ ឬក៏កាបូប ដូចដែលខ្ញុំធ្លាប់បានឃើញនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក»។
ទោះបីជាយ៉ាងណាក៏ដោយ អតីតមន្ត្រីចារកម្មអង់គ្លេស MI5 លោក អាន់នី ម៉ាចុន (Annie Machon) យល់ថា ការព្យាយាមទប់ស្កាត់អ្នកបាញ់ប្រហារតែម្នាក់ គឺជារឿងពិបាក និងមិនអាចទុកចិត្តបាន ប៉ុន្តែការបញ្ជាក់ឱ្យច្បាស់ថា បុគ្គលណាមានបញ្ហាផ្លូវចិត្ត ឬអ្នកដែលអាចបង្កហានិភ័យ ប្រហែលជាអាចមធ្យោបាយ បញ្ជៀសការវាយប្រហាររបៀបនេះ។
ចំណែកឯ លោក ហ្សាហាន់ ម៉ាហ៍មូឌ (Jahan Mahmood) ជាអ្នកជំនាញខាងប្រយុទ្ធប្រឆាំង នឹងភេរវករ ក៏បានអះអាងដែរថា ការវាយប្រហារក្នុងទីក្រុង ឡាស វេហ្គាស់ គួរតែជំរុញឱ្យមានការជជែកដេញដោល លើសិទ្ធិទទួលបានអាវុធនៅក្នុងសហរដ្ឋអាមេរិក ព្រោះប៉ូលិសមិនអាចឃ្លំាមើល មនុស្សគ្រប់គ្នានោះទេ។
គួរបញ្ជាក់ថា បើតាមប៉ូលិសអាមេរិក ខ្មាន់កាំភ្លើងឈ្មោះ ស្ទេហ្វិន ផេកដក់ (Stephen Paddock) មានអាយុ ៦៤ឆ្នាំ បានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើហ្វូងមនុស្សម្នាយ៉ាងច្រើនកុះករជាង ២២,០០០នាក់ ដែលកំពុងចូលរួមក្នុងថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ប្រគុំតន្រ្តីកណ្តាលវាលដ៏ធំមួយ ចេញពីបន្ទប់ជាន់ទី ៣២ របស់លោកនៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។ ជាលទ្ធផលមនុស្ស ៥៩នាក់បានស្លាប់ និង៥២៧នាក់រងរបួស ប៉ុន្តែក្រោយមកជនដៃដល់រូបនេះត្រូវប៉ូលិសអាមេរិករកឃើញថា បានស្លាប់នៅក្នុងបន្ទប់នោះ រួមជាមួយនិងកាំភ្លើងចំនួន ១០ដើម។ ចំណែកឯ ក្រុម ISIS ក៏បានចេញមុខអះអាងទទួលខុសត្រូវផងដែរ ដោយអះអាងថា Paddock ជាអ្នកប្រយុទ្ធរបស់ខ្លួន តែទីភ្នាក់ងារ FBI បានច្រានចោលការអះអាងនេះ៕