(ម៉ូស្គូ)៖ ទីបំផុតសង្រ្គាមពាក្យសម្តីបានផ្ទុះឡើងរវាងរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងជើង ដោយទីក្រុងតូក្យូ បានគាំទ្រនិន្នាការទណ្ឌកម្ម និងការគំរាមពីកម្លាំងយោធារបស់សហរដ្ឋអាមេរិក ខណៈទីក្រុងព្យុងយ៉ាង បានព្រមាននឹងបញ្ចេញរិទ្ធិអំណាចដ៏មហាសាល នៃអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅលើប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
ថ្លែងលើវេទិកាមហាសន្និបាត UN នៅឯទីក្រុងញូយ៉ក កាលពីខែកញ្ញាកន្លងទៅ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានទទូចដល់ប្រជាជាតិទាំងអស់លើសកលលោក ឲ្យរាំងខ្ទប់ច្រកផ្លូវរបស់ទីក្រុងព្យុងយ៉ាង សម្រាប់ការចេញចូលរាល់ ទំនិញ ថវិកា មនុស្ស និងបច្ចេកវិទ្យាទាំងឡាយ ដែលអាចបម្រើដល់កម្មវិធីនុយក្លេអ៊ែរ-មីស៊ីលរបស់កូរ៉េខាងជើង។ នាឱកាសនោះ លោក អាបេ បានសង្កត់ធ្ងន់ពីការដាក់ទណ្ឌកម្មកាន់តែខ្លាំងថែមទៀត ជាជាងការស្វែងរកដំណោះស្រាយ ដោយចរចាតាមផ្លូវការទូត។
ជុំវិញការអត្ថាធិប្បាយនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានថ្កោលទោសសម្តីរបស់លោកនាយករដ្ឋមន្រ្តីជប៉ុនថា គ្មានប្រយោជន៍អ្វី ក្រៅតែពីឈានទៅធ្វើឲ្យតានតឹងកាន់តែក្តៅឡើងថែមទៀត ហើយទីបំផុតនោះនឹងក្លាយជាទង្វើសម្លាប់ខ្លួនឯង ជាមួយនិងដុំពពកនុយក្លេអ៊ែរ ស្រោបពីលើប្រជុំកោះជប៉ុនតែប៉ុណ្ណោះ។
ឆ្លើយតបចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អ៊ីស៊ូនួរី អូណូដេរ៉ា (Itsunori Onodera) បានចេញមុខបង្ហាញពីការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពាក្យសម្តីធ្ងន់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្វើឡើងនៅឯមហាសន្និបាតអង្គការសហប្រជាតិ។
គួរបញ្ជាក់ថា កាលពីខែសីហា និងកញ្ញា ឆ្នាំ២០១៧នេះ ទីក្រុងព្យុងយ៉ាងបានធ្វើសកម្មភាពយ៉ាងគគ្លើន តាមរយៈការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមប្រភេទ Hwasong-12 ហោះរំលងពីលើកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ទៅធ្លាក់នៅភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក៕