(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតគុយបា ១៥នាក់ ចេញពីទីក្រុងវ៉ាស៊ីនតោន ហើយដែលការសម្រេចចិត្តនេះ កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយលេចលឺព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនមានចេតនាកាត់បន្ថយចំនួនមន្ត្រីទូតរបស់ខ្លួនច្រើនជាងពាក់កណ្ដាល ប្រចាំទីក្រុងឡាហាវ៉ាន់ប្រទេសគុយបា។ នេះបើតាមមន្ត្រីក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
មន្ត្រីរូបនេះដដែលថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរថា សហរដ្ឋអាមេរិកបណ្ដេញមន្ត្រីទូតគុយបា គឺឈរលើមូលដ្ឋាននៃការបរាជ័យរបស់រដ្ឋាភិបាលទីក្រុងឡាហាវ៉ាន់ ក្នុង ការការពារមន្ត្រីទូតអាមេរិកនៅក្នុងប្រទេសគុយបា ដែលត្រូវបានគេរាយការណ៍ថា បានទទួលរងការវាយប្រហារដោយសំឡេងដ៏អាថ៌កំបាំង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់ពួកគេ។ មន្ត្រីទូតគុយបាទាំង ១៥នាក់ ខាងលើមានរយៈពេល ០៧ថ្ងៃ ចាកចេញពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា គុយបា និងសហរដ្ឋអាមេរិក ដែលជាធ្លាប់ជាអតីតគូរសត្រូវ នៅអំឡុងសម័យសង្រ្គាមត្រជាក់ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ផ្ដើមល្អក់កករនឹងគ្នាឡើងវិញ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ជាមួយការសន្យាថា នឹងពិនិត្យឡើងវិញនូវរាល់កិច្ចព្រមព្រៀង ជាមួយទីក្រុងឡាហាវ៉ាន់៕