(ដាម៉ាស់)៖ ប្រជាជនស្លូតត្រង់យ៉ាងតិច៤៥នាក់បានស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាស របស់សហរដ្ឋអាមេរិក ទៅលើតំបន់គ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធ ISIS នៅទីក្រុង Raqqa ភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
សារព័ត៌មានស៊ីរី al-Watan បានធ្វើសេចក្តីរាយការណ៍ថា កុមារនិងស្រ្តីភេទ បានស្ថិតនៅក្នុងចំណោម អ្នកដែលបានបាត់បង់ជីវិត នៅក្នុងប្រតិបត្តិការទម្លាក់គ្រាប់ ធ្វើឡើងដោយក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានវាយប្រហារ ទៅលើលំនៅឋានចំនួន០២ខ្នង ក្នុងតំបន់ Tawasoiyeh ភាគខាងជើងក្រុង Raqqa។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ កងកម្លាំងចំរុះដឹកនាំដោយអាមេរិក បានបង្កើនសកម្មភាពប្រតិបត្តិការ តាមផ្លូវអាកាសរបស់ខ្លួនជាខ្លាំង ក្នុងគោលបំណងសំដៅ រួមគ្នាជាមួយនិងកងកម្លាំងប្រជាធិតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃើដ ដណ្តើមកាន់កាប់ទីក្រុង Raqqa ពីការគ្រប់គ្រងរបស់ ISIS យកមកវិញ។ ដោយឡែក ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់ពួកគេ ចំនួនជនស៊ីវិលដែលបានស្លាប់ បានកើនឡើងស្ទើរតែរៀងរាល់ថ្ងៃ៕