(បាស់សេឡូណា)៖ ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់បាននាំគ្នាបាតុកម្មតវ៉ាបិទផ្លូវជាច្រើននៅទូទាំងតំបន់ Catalonia ដែលនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេវាកម្ម សាធារណៈ។ បាតុកម្មនេះធ្វើឡើងតាមការអំពាវនាវរបស់ក្រុមសហជីព Catalonia ដើម្បីសម្ដែងការខឹងសម្បារទៅនឹងការបង្រ្កាបដោយហិង្សា ពីសំណាក់ប៉ូលិសអេស្ប៉ាញ ទៅលើក្រុមអ្នកគាំទ្រការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។

យោងតាមក្រុមសហជីពដដែល ក្រុមបាតុករ នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តបិទផ្លូវចំនួន២៤កន្លែង នៅទូទាំងតំបន់ Catalonia តែវាបានបង្កជាការកកស្ទះចរាចរណ៍ រីឯកំពង់ផែទីក្រុងបាស់ សេឡូណា ត្រូវផ្អាកសកម្មភាពបណ្ដោះអាសន្ន ហើយហាងតូចៗ រួមទាំងសាលរៀន សាកលវិទ្យាល័យជាច្រើនក៏ត្រូវបង្ខំចិត្តបិទទា្វរផងដែរ។

ជាងនេះទៅទៀត ក្រុមអ្នកតវ៉ា បានចោទប្រកាន់ ថាប៉ូលិសអេស្ប៉ាញបានប្រើប្រាស់ហិង្សារំលោភសិទ្ធិមនុស្ស និងសេរីភាពរបស់ពួកគេនៅអំឡុងការ បោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យ ដែលបណ្ដាលឱ្យមនុស្ស៩០០នាក់ រងរបួស ខណៈ ទីក្រុងម៉ាឌ្រីត ចាត់ទុកថាការបោះឆ្នោតនេះគឺជារឿងខុសច្បាប់។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ Catalonia មនុស្សច្រើនជាង២.២លាននាក់ បានទៅបោះឆ្នោត ហើយអ្នបោះឆ្នោតជិត៩០ភាគរយ គំាទ្រឱ្យប្រកាសឯករាជ្យ ពីប្រទេសអេស្ប៉ាញ ប៉ុន្តែមកទល់នឹងពេលនេះលទ្ធផលផ្លូវការមិនទាន់ចេញផ្សាយនៅឡើយទេ៕