(ប៉េកាំង)៖ ពលករកូរ៉េខាងជើងក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើការងារនៅក្នុងប្រទេសចិន បានបង្ខំចិត្តត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ក្រោមហេតុផលនៃការអនុវត្តន៍ពីសំណាក់ទីក្រុងប៉េកាំង ចំពោះដំណោះស្រាយដាក់ទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៦ របស់ទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
យ៉ុនហាប់ ផ្អែកលើប្រភពដែលខ្លួនទទួលបានពីទីក្រុងប៉េកាំងបានរាយការណ៍ថា ពលករកូរ៉េខាងជើងជាច្រើននាក់ បានចាកចេញពីប្រទេសចិន បន្ទាប់ពីពួកគេមិនទទួលបានទិដ្ឋាការថ្មី។ ពោលគឺកាលពីថ្ងៃទី១២ ខែកញ្ញា រដ្ឋាភិបាលចិនបានបង្គាប់អាជ្ញាធរខ្លួន ផ្អាកបន្តប័ណ្ឌស្នាក់នៅ ក៏ដូចជាដាក់កំហិតលើការស្នើសុំទិដ្ឋាការ ពីពលករកូរ៉េខាងជើងហើយរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ទើបទីក្រុងប៉េកាំង ស្នើឱ្យកូរ៉េខាងជើងបិទក្រុមហ៊ុនរបស់ខ្លួន នៅលើទឹកដីចិនក្នុងរយៈពេល ១២០ថ្ងៃ រាប់ចាប់ពីទណ្ឌកម្ម UN ត្រូវបានអនុម័តកាលពីថ្ងៃទី០៣ ខែកញ្ញា។
ដោយឡែកប្រភពមួយផ្សេងទៀត ក៏បានឱ្យដឹងដែរថា វិធានការនេះ មានជាប់ពាក់ព័ន្ធនឹងពលករកូរ៉េខាងជើងជាង ២,៦០០នាក់ នៅតាមខេត្តចំនួនបីដូចជា ខេត្ត ឡាវណីង (Liaoning), ជីលីន (Jilin) និងខេត្ត ហៃឡុងជាំង (Heilongjiang) ដែលបានត្រឡប់ទៅកូរ៉េខាងជើងវិញ។
គួរបញ្ជាក់ថា បើតាមទីក្រុងសេអ៊ូល ពលករកូរ៉េខាងជើងប្រមាណជា ១០០,០០០នាក់ ត្រូវបានគេជឿជាក់ថា ត្រូវបានរដ្ឋអំណាចទីក្រុងព្យុងយ៉ាងបញ្ជូនទៅធ្វើការនៅឯបរទេស ហើយពួកគេ អាចរកបានប្រាក់ចំណូលជិត ៥០០លានដុល្លារ ក្នុងមួយឆ្នាំឱ្យដឹកនាំលោក គីម ជុងអ៊ុន៕