(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឱកាសទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងអំពីចេតនារបស់លោក ក្នុងកាត់បន្ថយឱនភាពពាណិជ្ជកម្ម ជាមួយនឹងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
ថ្លែងទៅកាន់លោកនាយករដ្ឋមន្រ្តីថៃ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅមុនកិច្ចពិភាក្សាទ្វេភាគីរវាងលោកទាំងពីរ លោក ត្រាំ បាននិយាយថា «ទំនាក់ទនងរបស់យើង ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម កំពុងតែក្លាយជារឿងសំខាន់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយថៃគឺជាប្រជាជាតិដ៏ល្អប្រសើរមួយ ដើម្បីធ្វើពាណិជ្ជកម្មជាមួយ។ ខ្ញុំយល់ថា យើងនឹងព្យាយាមលក់ផលិតចេញ ទៅកាន់ប្រទេសអ្នកឲ្យបានច្រើនជាងមុនបន្តិច ហើយបើអាចទៅរួច សូមអ្នកជួយសម្រួលរឿងនេះផង»។ ជាមួយគ្នានេះ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា «ថៃនឹងសហការយ៉ាងជិតស្និទ្ធ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា បើតាមស្ថិតិពីស្ថាប័នតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រទេសមហាអំណាចពិភពលោកមួយនេះ មានឱនភាពពាណិជ្ជកម្មនៃការជួញដូរទំនិញក្នុងទំហំប្រមាណ ១៨.៩ពាន់លានដុល្លារ ជាមួយប្រទេសថៃកាលពីឆ្នាំ២០១៦៕
http://s1.reutersmedia.net/resources/r/?m=02&d=20171002&t=2&i=1203827656&r=LYNXNPED911HA&w=1280