(អឺរ៉ុប)៖ មកទល់នឹងពេលនេះ ប្រទេសមួយចំនួនហើយ បានចេញមុខសម្តែងការគាំទ្រ ចំពោះជំហរនៃរដ្ឋាភិបាលអេស្ប៉ាញ (ទីក្រុងម៉ាឌ្រីត) ក្នុងការប្រឆាំងការបោះឆ្នោត ទាមទារការប្រកាសឯករាជ្យរបស់តំបន់ កាតាឡាន (ទីក្រុងបាសេឡូណា) ហើយក្នុងនោះក៏មានប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែងាកមកបណ្តាប្រទេសអឺរ៉ុបវិញ គឺមិនគាំទ្រនោះទេចំពោះការប្រើអំពើហិង្សា ដើម្បីបង្ក្រាបក្រុមអ្នកតវ៉ាគាំទ្រឯករាជ្យ កាតាឡាន ដែលបានបង្កឲ្យមនុស្សរងរបួស រហូតដល់ទៅ ៨៤៤នាក់ កាលពីចុងសប្តាហ៍មុននេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
ខណៈសហភាពអឺរ៉ុបចេញមុខរិះគន់អាជ្ញាធរអេស្ប៉ាញ ចំពោះការបង្រ្កាបដោយហិង្សាលើក្រុមអ្នកបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ របស់តំបន់កាតាឡាន ( Catalonia) ទីក្រុងម៉ូស្គូ ឯណោះវិញបែរជាចេញមុខគាំទ្រទីក្រុងម៉ាឌ្រីត ដោយអះអាងថា រដ្ឋាភិបាលកាតាឡាន គួរតែអនុវត្តតាមច្បាប់របស់អេស្ប៉ាញ។ រីឯស្ថានទូតអេស្ប៉ាញប្រចាំទីក្រុងម៉ូស្គូ ក៏បានសម្ដែងការពេញចិត្តពេញថ្លើម និងអរគុណនឹងគោលជំហរនេះដែរ។
ថ្លែងនៅលើ Twitter ស្ថានទូតអេស្ប៉ាញបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមអរគុណដល់ក្រសួងការបរទេសរុស្ស៊ី សម្រាប់គោលជំហរវិជ្ជមាន ស្ដីពីការបោះឆ្នោតប្រជាមតិដោយខុសច្បាប់ នៅតំបន់កាតាឡាន... ហើយយើងនឹងនៅតែបន្តជូនដំណឹងដល់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទាក់ទិននឹងគោលជំហរ របស់ទីក្រុងម៉ាឌ្រីត»។ ប្រតិកម្មបែបនេះរបស់ស្ថានទូតអេស្ប៉ាញ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova)។ «យើងចាត់ទុកថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ Catalonia គឺជាកិច្ចការ ផ្ទៃក្នុងរបស់អេស្ប៉ាញ... ដូច្នេះយើងសូមវាយតម្លៃថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកាតាឡាន ត្រូវតែវិវឌ្ឍរ៍អនុឡោមតាមច្បាប់អេស្ប៉ាញជាធរមាន»។ នេះបើតាមសម្ដី លោកស្រី Maria Zakharova។
គួរបញ្ជាក់ថា មេដឹកនាំកាតាឡាន លោក ខាឡែស ភីកម៉ុនក៍ (Carles Puigdemont) បានប្រកាសថា ប្រជាជននៃតំបន់កាតាឡាន បានឈ្នះសិទ្ធិដើម្បីបំបែកខ្លួនចេញពីប្រទេសអេស៉្បាញ ហើយ បន្ទាប់ពីអ្នកចូលរួមបោះឆ្នោតប្រមាណ ៩០ភាគរយ ក្នុងការធ្វើប្រជាមតិដើម្បីទាមទារឯករាជ្យ បានបោះឆ្នោតយល់ស្របចង់ធ្វើបែបនេះ ទោះបីជាមានការបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃ ពីកម្លាំងប៉ូលិសដែលបានបង្កឲ្យមនុស្ស ៨៤៤នាក់រងរបួស និងមានការជំទាស់ពីទីក្រុងម៉ាឌ្រីត យ៉ាងណាក្តី៕