(ស៊ីដនី)៖ ការិយាល័យស្ថិតិអូស្ត្រាលីនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ប្រជាជនអូស្ត្រាលី ៩.២លាននាក់ ឬស្មើនឹង ៥៧.៥ភាគរយ នៃអ្នកមានសិទ្ធិបោះឆ្នោតបានចូលរួមបោះឆ្នោត ដើម្បីសម្រេចថា តើអ្នកស្រឡាញ់ភេទដូចគ្នា គួរតែអាចរៀបការជាមួយគ្នាដោយស្របច្បាប់ដែរ ឬទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
យោងតាមការិយាល័យនេះដដែល ប្រជាជនអូស្ត្រាលីបានចាប់ផ្ដើមបោះឆ្នោត នៅក្នុងការស្ទង់មតិមួយតាមការស្ម័គ្រចិត្ត តាំងតែពីខែមុនមកម្ល៉េះ។ ការស្ទង់មតិ នេះទៀតសោត គឺជាផ្នែកមួយ នៃការជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងកង់បេរ៉ាថា តើអ្នកបោះឆ្នោតចង់ឱ្យអូស្ត្រាលី ក្លាយជាប្រជាជាតិទី២៥ ដែលអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៌ រវាងអ្នកស្រឡាញ់ភេទដូចគ្នាដែរ ឬក៏យ៉ាងណា ខណៈ លទ្ធផលនឹងត្រូវប្រកាស នៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិមួយរបស់ Sky News ReachTel ប្រជាជនអូស្ដ្រាលីអាចនឹងបោះឆ្នោតថា «Yes» គាំទ្រឱ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយគ្នាដោយស្របច្បាប់ ពោលគឺការស្ទង់មតិនេះបង្ហាញថា ច្រើនជាង ៦៤ភាគរយ នៃអ្នកត្រូវបានសាកសួរបាននិយាយថា ពួកគេយល់ព្រមឱ្យមានអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ខណៈគេរំពឹងថា អ្នក បោះឆ្នោត ៦ភាគរយ បន្ថែមទៀតអាចនឹងគាំទ្រគំនិតនេះដែរ៕