(កង់បេរ៉ា)៖ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនប្រទេសអូស្រ្តាលី (ATSB) បានបង្ហាញការសោកស្តាយជាខ្លាំងនាថ្ងៃអង្គារនេះ ដោយសារតែប្រតិបត្តិការស្វែងរក យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH730 ដែលបានបាត់ខ្លួនដោយអាថ៌កំបាំងកាលពីជាងបីឆ្នាំមុននោះ មិនទទួលបានជោគជ័យនោះឡើយ។ ATSB ក៏បានលើកឡើងដែរថា ខ្លួនគួរតែអាចពាំនាំយកដំណឹងល្អប្រសើរជាងនេះ ជូនដល់មិត្តភក្តិរួមទាំងក្រុមសាច់ញាតិ នៃជនរងគ្រោះ ដែលបានបាត់ខ្លួនទៅជាមួយយន្តហោះនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងរបាយការណ៍ចុងក្រោយរបស់ ATSB ដែលចេញផ្សាយនាថ្ងៃអង្គារនេះ ប្រធានស្នងការនៃការិយាល័យ ATSB លោក ហ្គ្រេក ហ៊ូដ (Greg Hood) បានចូលរួមផ្តល់ការរំលែកទុក្ខយ៉ាងក្រៀមក្រំ ទៅកាន់ក្រុមគ្រួសារក៏ដូចជាមិត្តភក្តិ នៃអ្នកដំណើរ និងសហសេវិកទាំង ២៣៩នាក់ ដែលបានបាត់ខ្លួន ក្នុងអំឡុងពេលធ្វើដំណើរលើយន្តហោះ MH370 ដែលលោកបានចាត់ទុកថា គឺជាសោកនាដកម្មដ៏អាក្រក់បំផុតមួយ ក្នុងវិស័យអាកាសចរណ៍។
លោក Greg Hood បាននិយាយថា «យើងមានការសោកស្តាយណាស់ ដែលមិននាំយកការបិទបញ្ចប់ប្រតិបត្តិការដ៏ល្អប្រសើរមួយ ដល់អ្នកដែលកំពុងតែរងទុក្ខក្រៀមក្រំទាំងអស់។ យ៉ាងណាមិញ ខ្ញុំសង្ឃឹមថា ពួកគេអាចនឹងទទួលបានការធូរស្បើយក្នុងចិត្តខ្លះៗ ចំពោះការដែលយើង បានខិតខំប្រឹងប្រែងដោយអស់ពីលទ្ធភាព ដើម្បីតាមស្វែងរកចម្លើយ សម្រាប់ហេតុការណ៍ដ៏អាថ៌កំបាំងនេះ»។ ពួកយើងសូមចូលរួមរំលែកទុក្ខ និងសូមសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ដែលយើងមិនអាចស្វែងរកទីតាំង ដែលយន្តហោះ MH370 បានធ្លាក់ ឬមួយក៏មនុស្សទាំង ២៣៩នាក់ នៅលើនោះ ដែលនៅតែបន្តបាត់ខ្លួន។
គួរបញ្ជាក់ថា យន្តហោះអាកាសចរណ៍ម៉ាឡេស៊ី MH370 បានបាត់ដំណឹងដោយគ្មានតំរុយអ្វីសោះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងពេលធ្វើដំណើរចេញពីរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន៕