(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលជួបនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ស្របពេលដែលមហាអំណាចពិភពលោកមួយនេះ ទើបតែកើតមានករណីបាញ់ប្រហារដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តស្លាប់មនុស្សជិត ៦០នាក់ និងរបួស ៥២៧នាក់ នៅទីក្រុង ឡាស វេហ្គាស់ (Las Vegas) រដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
លោក ប្រាយុទ្ធ និងលោកស្រី ណារ៉ាផន ចាន់អូចា ជាភរិយា ត្រូវបានទទួលស្វាគមន៍នៅឯសេតវិមាន ដោយលោក ដូណាល់ ត្រាំ រួមទាំងជំទាវទីមួយលើពិភពលោក គឺលោកស្រី មេឡានា ត្រាំ ខណៈប្រមុខដឹកនាំរដ្ឋាភិបាលយោធាថៃរូបនេះ បានធ្វើដំណើរមកដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបំពេញទស្សនកិច្ច ក៏ដូចជាពិភាក្សាការងារ តបទៅតាមការអញ្ជើញរបស់លោក ត្រាំ។
ជំនួបនេះទៀតសោត គឺជាសញ្ញាមួយស្តែងពីភាពប្រសើរឡើងវិញ នៃចំណងទាក់ទង រវាងសហរដ្ឋអាមេរិក និងថៃ ចាប់តាំងតែពីទំនាក់ទំនងនេះបានជួបភាពល្អក់កករ នៅពេលយោធាថៃ កាលពីឆ្នាំ២០១៤ បានធ្វើរដ្ឋប្រហារដណ្តើមអំណាច ពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលសព្វថ្ងៃកំពុងស្ថិតនៅក្រៅប្រទេស ទើបត្រូវបានតុលាការកំពូលថៃ សម្រេចកាត់ទោសដោយកំបាំងមុខដាក់ពន្ធនាគារយៈពេល ០៥ឆ្នាំ ពីបទក្លែងបន្លំកម្មវិធីទិញស្រូវ។
គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំប្រទេសជាសម្ព័ន្ធមិត្ត ដ៏ចំណាស់នឹងគ្នាទាំងពីរនេះ បានកើតមានឡើង ខណៈសហរដ្ឋអាមេរិក ទើបតែទទួលរងករណីបាញ់ប្រហារទៅលើក្រុមមនុស្សម្នាជាង ២ពាន់នាក់ យ៉ាងសាហាវបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប ក្នុងអំឡុងនៃព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំមួយ នៅទីក្រុង Las Vegas នៃរដ្ឋ Nevada ភាគខាងលិចប្រទេស ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៥៩នាក់ និងធ្វើឲ្យរបួស ៥២៧នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ៕