(ម៉ាឌ្រីត)៖ រដ្ឋមន្រ្តីយុត្តិធម៌អេស៉្បាញ បានបញ្ជាក់ម្តងទៀតថា ទីក្រុងម៉ាឌ្រីត នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង នៅក្រោមប្រព័ន្ធច្បាប់ដែលមានស្រាប់ ដើម្បីរារាំងការប្រកាសឯករាជ្យនៃតំបន់កាតាឡាន (Catalonia) និងព្រមានថា ការនៅតែរឹងទទឹងចង់ទាមទារឯករាជ្យភាពទៀតនោះ នឹងនាំឲ្យមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញជាតិត្រូវរំលោភបំពាន ហើយវានឹងបង្ខំឲ្យរដ្ឋាភិបាល ចូលធ្វើអន្តរាគមន៍តំបន់ស្វយ័ត កាតាឡាន តែម្តងព្រោះគ្មាននរណាម្នាក់អាចប្រកាសឯករាជ្យ នៅក្នុងដែនអធិបតេយ្យភាពរបស់អេស្ប៉ាញបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Local នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
លោក រ៉ាហ្វាអែល កាតាឡា (Rafael Catala) រដ្ឋមន្ត្រីយុត្តិធម៌អេស្ប៉ាញ បានថ្លែងច្បាស់ៗយ៉ាងដូច្នេះថា «ប្រសិនបើនរណាម្នាក់ គ្រោងប្រកាសឯករាជ្យនៅលើទឹកដីណាមួយ ក្នុងប្រទេសអេស៉្បាញ ខណៈដែលពួកគេមិនអាចធ្វើទៅបាន ព្រោះតែគ្មានសិទ្ធិអំណាចគ្រប់គ្រាន់ ដើម្បីធ្វើដូច្នោះនោះ រដ្ឋាភិបាលនឹងត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាង ស្របទៅតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់រឿងនេះ។ លោក Catala បានសង្កត់ធ្ងន់ថា «យ៉ាងណាមិញ បើនៅតែមានការចចេសរឹងរូសទៀតនោះ យើងនឹងប្រើប្រាស់ចំណាត់ការក្តៅ ធ្វើអន្តរាគមន៍សង្រ្គប់លើតំបន់ស្វយ័តនេះតែម្តង ដោយអនុឡោមតាមមាត្រានៃរដ្ឋធម្មនុញ្ញអេស៉្បាញ»។
គួរបញ្ជាក់ថា មេដឹកនាំកាតាឡាន លោក ខាឡែស ភីកម៉ុនក៍ (Carles Puigdemont) បានប្រកាសថា ប្រជាជននៃតំបន់ Catalan បានឈ្នះសិទ្ធិដើម្បីបំបែកខ្លួន ចេញពីប្រទេសអេស៉្បាញហើយ បន្ទាប់ពីអ្នកចូលរួមបោះឆ្នោតប្រមាណ ៩០ភាគរយ ក្នុងការធ្វើប្រជាមតិ ដើម្បីទាមទារឯករាជ្យ បានបោះឆ្នោតយល់ស្របចង់ធ្វើបែបនេះ ទោះបីជាមានការបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃ ពីកម្លាំងប៉ូលិស ដែលបានបង្កឲ្យមនុស្ស ៨៤៤នាក់ រងរបួសយ៉ាងណាក្តី៕
https://cdn.rt.com/files/2017.10/thumbnail/59d0d1c0fc7e9393388b4567.JPG