(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់យ៉ាងខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គមជុំវិញប្រតិកម្មស្ដង់ដាពីរ របស់លោកទៅនឹងការបាញ់ប្រហារដ៏អាក្រក់ បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិកកាលពីថ្ងៃអាទិត្យ។ ការបាញ់ប្រហារនេះ បានផ្ដាច់យកអាយុជីវិតមនុស្ស ៥៩នាក់ និង ៥២៧នាក់ផ្សេងទៀតរងរបួស នៅទីក្រុង ឡាស វេហ្គាស់ (Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអាមេរិក ខ្មាន់កាំភ្លើងឈ្មោះ ស្ទេហ្វិន ផេកដក់ (Stephen Paddock) មានអាយុ ៦៤ឆ្នាំ បានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើហ្វូងមនុស្សម្នាយ៉ាងច្រើនកុះករជាង ២២,០០០នាក់ ដែលកំពុងចូលរួមក្នុងថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ប្រគុំតន្រ្តីកណ្តាលវាលដ៏ធំមួយ ចេញពីបន្ទប់ជាន់ទី ៣២ របស់លោកនៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។ ក្រោយមកជនដៃដល់រូបនេះ ត្រូវប៉ូលិសអាមេរិករកឃើញថា ត្រូវបានស្លាប់នៅក្នុងបន្ទប់នោះ រួមជាមួយនិងកាំភ្លើងចំនួន ១០ដើម ហើយប៉ុន្មានម៉ោងបន្ទាប់ ក្រុម ISIS បានចេញមុខអះអាងទទួលខុសត្រូវ ដោយអះអាងថា Paddock ជាអ្នកប្រយុទ្ធរបស់ខ្លួន តែទីភ្នាក់ងារ FBI បានច្រានចោលការអះអាងនេះ។
ចំណែកឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចូលរួមរំលែកមរណៈទុក្ខ ដល់ជនរងគ្រោះ និងថ្កោលទោសយ៉ាងខ្លាំងផងដែរ លើការវាយប្រហារនេះដោយលោកហៅវាថា «ជាសកម្មភាពរបស់បិសាច»។ យ៉ាងណាក៏ដោយ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន បែរជារិះគន់លោក ត្រាំ ថាបានបញ្ចេញប្រតិកម្មយឺតយ៉ាវ ពោលគឺមានគណនីខ្លះសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ដូណាល់ ត្រាំ ឆ្លើយតបទៅនឹងការវាយប្រហារនៅឯស្ពាន London Bridge ក្នុងរយៈពេល ២ម៉ោង, Parsons Green ៣ម៉ោង។ តែនៅ Las Vegas វិញគឺរហូតដល់ទៅជាង ៥ម៉ោង ទើបគាត់ចេញមុខប្រតិកម្ម»។
គួរបញ្ជាក់ថា អាជ្ញាធរអាមេរិកមិនទាន់អាចស្វែងរកឃើញ មូលហេតុនៃការបាញ់រះទៅលើហ្វូងមនុស្សយ៉ាងអាក្រក់នេះនៅឡើយទេ ក៏ប៉ុន្តែពួកគេជឿជាក់ថា លោក Paddock បានធ្វើសកម្មភាពទាំងអស់តែម្នាក់ឯងប៉ុណ្ណោះ។ យ៉ាងមិញ ប៉ូលិសតម្រួតនៃទីក្រុង Las Vegas លោក ចូ ឡាំបាដូ (Joe Lambardo) បានឲ្យដឹងថា ស្រ្តីម្នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងនឹងខ្មាន់កាំភ្លើង ក៏នឹងត្រូវបានប្រឈមមុខនឹងការស៊ើបអង្កេត ក៏ដូចជាសាកសួរផងដែរនៅពេលស្រ្តីរូបនេះ វិលត្រឡប់មកសហរដ្ឋអាមេរិក៕