(សេអ៊ូល)៖ កូរ៉េខាងជើងបានបើកការភ្ជាប់អ៊ីនធើណែតទី០២ ជាមួយពិភពខាងក្រៅហើយ តាមរយៈប្រទេសរុស្ស៊ី ដែលនេះគឺជាចលនាមួយ ត្រូវបានអ្នកជំនាញផ្នែកសន្ដិសុខព័ត៌មានវិទ្យាយល់ថា វាអាចនឹងផ្ដល់លទ្ធភាពកាន់តែធំដល់ទីក្រុងព្យុងយ៉ាង ក្នុងការដឹកនាំការវាយប្រហារព័ត៌មានវិទ្យា (Hack)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកជំនាញមកពី Dyn Research ជាក្រុមអ្នកឃ្លាំមើលចរាចរណ៍អ៊ីនធើណែតអន្តរជាតិ ក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី TransTeleCom បានចាប់ផ្ដើមដំណើរការប្រព័ន្ធអ៊ីនធើណែត នៅក្នុងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។ ការផ្គត់ផ្គង់របស់ទីក្រុងព្យុងយ៉ាងកន្លងមក គឺធ្វើឡើងជាមួយក្រុមហ៊ុន China Unicom ក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១០។ ក៏ប៉ុន្តែ បច្ចុប្បន្ន Dyn សង្កេតឃើញថា ក្រុម TransTeleCom គ្រប់គ្រង ៦០ភាគរយ នៃចរាចរណ៍អ៊ីនធើណែតរបស់កូរ៉េខាងជើង ខណៈក្រុមហ៊ុន China Unicom មានតែ ៤០ភាគរយ ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុនរុស្ស៊ីមួយនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយថា តើខ្លួនបានចុះកិច្ចព្រមព្រៀងថ្មីជាមួយកូរ៉េខាងជើង ឬក៏យ៉ាងណានោះ។
គួរបញ្ជាក់ថា កូរ៉េខាងជើងធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំង ពីបណ្ដារដ្ឋាភិបាលលោកខាងលិច ពាក់ព័ន្ធនឹងការសង្ស័យថា បានដឹកនាំការវាយប្រហារព័ត៌មានវិទ្យា នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះក្នុងនោះរួមមានទាំងការ Hack ប្រឆាំងនឹងធនាគារជាច្រើន, ក្រុមហ៊ុន Sony Pictures ក៏ដូចជាការបង្កើតវីរុសឈ្មោះ WannaCry បើទោះជាទីក្រុងព្យុងយ៉ាងបានបដិសេធក៏ដោយ៕