(ដាម៉ាស់)៖ សង្រ្គាមដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសស៊ីរី បានផ្តាច់ជីវិតមនុស្សយ៉ាងតិចចំនួន ៣,០០០នាក់ ដោយរួមមានជនស៊ីវិលស្លូតត្រង់ដល់ទៅ ៩៥៥នាក់ តែក្នុងមួយខែកញ្ញា ឆ្នាំ២០១៧នេះប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ចុងក្រោយ ពីអង្គការឃ្លាំងមើលសិទ្ធិមនុស្សនៅស៊ីរី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
បើតាមលោក រ៉ាមី អាប់ឌែល រ៉ាហ៍ម៉ាន់ (Rami Abdel Rahman) ប្រធានអង្គការសិទ្ធិមនុស្សខាងលើ ៧០ភាគរយ នៃចំនួនប្រជាជនស៊ីវិលបានបាត់បង់ជីវិត ដោយសារតែការវាយប្រហារតាមផ្លូវអាកាស ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ កំពុងតែបង្កើនប្រតិបត្តិការយ៉ាងខ្លាំង ដើម្បីវាយដណ្តើមតំបន់នានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមភេរវករ ISIS នៅក្នុងខេត្ត ឌែរ អាល់ ហ្សួរ (Deir al-Zour) ភាគខាងកើតប្រទេស ត្រឡប់មកធ្វើការគ្រប់គ្រងវិញ។ ទន្ទឹមនឹងនេះ ក្នុងចំណោមជនស៊ីវិលទាំង ៩៥៥នាក់ ដែលបានស្លាប់ក្នុងខែកញ្ញា មានក៏កុមារចំនួន ២០៧នាក់។
គួរបញ្ជាក់ថា គិតចាប់តាំងតែពីសង្រ្គាមស៊ីរី បានផ្ទុះឡើងកាលពីឆ្នាំ២០១១ មនុស្សច្រើនជាង ៣៣០,០០០នាក់ បានស្លាប់ និងរាប់លាននាក់ផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួន ទៅជ្រកកោណស្ទើរគ្រប់ទិសទីទាំងក្នុងតំបន់ និងទូទាំងពិភពលោក៕