(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានបញ្ជាក់ថា លោក ស្ទេហ្វិន ផេកដក់ (Stephen Paddock) ជាខ្មាន់កាំភ្លើង ដែលបានបាញ់រះសម្លាប់មនុស្សប្រមាណ ៥៩នាក់ និងបណ្តាលឲ្យរបួស ៥២៧នាក់ នៅក្នុងទីក្រុង ឡាស វេហ្គាស់ (Las Vegas) រដ្ឋ ណេវ៉ាដា (Nevada) នោះ ពុំមានទំនាក់ទំនងអ្វីមួយ ជាមួយនិងក្រុម ISIS ឡើយ ទោះបីជាពួកភេរវករនេះ បានចេញមុខអះអាងថាជាទង្វើរបស់ខ្លួនយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧។
ភ្នាក់ងារពិសេសរបស់ FBI ទទួលបន្ទុកស៊ើបអង្កេតលើករណីនេះ លោក អារ៉ុន រ៉ៅស៍ (Aaron Rouse) បានថ្លែងថា «ស្របពេលដែលហេតុការណ៍ដ៏អាក្រក់នេះ ត្រូវបានបកអាក្រាត ពួកយើងបានកំណត់ត្រឹមខណៈពេលនេះថា វាពុំមានចំណងទាក់ទងអ្វីទាំងអស់ជាមួយនឹងក្រុមភេរវករអន្តរជាតិដូចជា ISIS ជាដើម»។ ម៉្យាងវិញទៀត លោក Rouse បានបន្ថែមថា ទីភ្នាក់ងារ FBI នឹងបន្តខិតខំធានាឲ្យបានថា ករណីនេះត្រូវបានស៊ើបអង្កេតដោយហ្មត់ចត់ល្អិតល្អន់ និងច្បាស់លាស់ជាទីបំផុត។
សេចក្តីប្រកាសបញ្ជាក់ខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជាអ្នករៀបចំគម្រោងបាញ់ប្រហារដ៏សាហាវព្រៃផ្សៃបំផុត ប្រចាំប្រវត្តិសាស្រ្តអាមេរិកនេះ។ ISIS បានលើកឡើងថា បុរសជាខ្មាន់កាំភ្លើង គឺជាអ្នកប្រយុទ្ធរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ភស្តុតាងអ្វីឡើយ។
គួរបញ្ជាក់ថា នាយប់ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចអាមេរិក) បុគ្គល Paddock បានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើហ្វូងមនុស្សយ៉ាងច្រើនកុះករជាង ២២,០០០នាក់ ដែលកំពុងចូលរួមក្នុងថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ប្រគុំតន្រ្តីកណ្តាលវាលដ៏ធំមួយ ចេញពីបន្ទប់ជាន់ទី ៣២ របស់លោក នៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។ ក្រោយមកជនដៃដល់រូបនេះ ត្រូវប៉ូលិសអាមេរិករកឃើញថា បានស្លាប់នៅក្នុងបន្ទប់នោះ រួមជាមួយ និងកាំភ្លើងចំនួន ១០ដើម។
ជាមួយគ្នានេះដែរ អាជ្ញាធរមិនទាន់អាចស្វែងរកឃើញ មូលហេតុនៃការបាញ់រះ ទៅលើហ្វូងមនុស្សយ៉ាងអាក្រក់នេះនៅឡើយទេ ក៏ប៉ុន្តែពួកគេជឿជាក់ថា លោក Paddock បានធ្វើសកម្មភាពទាំងអស់តែម្នាក់ឯងប៉ុណ្ណោះ។ យ៉ាងមិញ ប៉ូលិសតម្រួតនៃទីក្រុង Las Vegas លោក ចូ ឡាំបាដូ (Joe Lambardo) បានឲ្យដឹងថា ស្រ្តីម្នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងនឹងខ្មាន់កាំភ្លើង ក៏នឹងត្រូវបានប្រឈមមុខនឹងការស៊ើបអង្កេត ក៏ដូចជាសាកសួរផងដែរនៅពេលស្រ្តីរូបនេះ វិលត្រឡប់មកសហរដ្ឋអាមេរិក៕